ដោយ៖ សុផារី
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែឧសភានេះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ “មជ្ឈមណ្ឌលទិន្នន័យ“(Data Center) ដែលមានតម្លៃជាង១លានដុល្លារអាមេរិក សម្រាប់រក្សានិងគ្រប់គ្រងនូវទិន្នន័យ ព័ត៌មានទាំងឡាយរបស់ក្រសួងសម្រាប់រយៈពេលខ្លី និងរយៈពេលវែង។
ពិធីសម្ពោធ “មជ្ឈមណ្ឌលទិន្នន័យ“(Data Center)” នេះមានការចូលរួមពីដំណាក់លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
-->

មជ្ឈមណ្ឌលទិន្នន័យ (Data Center) ត្រូវបានសាងសង់ដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) ដោយចំណាយថវិកាជាតិក្នុងឆ្នាំ២០២១ ចំនួន៤ពាន់៦៥លានរៀល ស្មើនឹងប្រមាណ១លានដុល្លារអាមេរិក នៃកញ្ចប់ថវិកាគម្រោងវិនិយោគផ្ទាល់។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យបានជាសង្ងាត់ និងយូរអង្វែងផងដែរ”។
បណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត។ ទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន”។
លោក សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនាពេលបច្ចុប្បន្ន អាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោច៣ឆ្នាំទៅមុខទៀត។

លោកបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំជាពីរផ្នែក ទី១-បរិក្ខាគាំទ្រមជ្ឈមណ្ឌលទិន្នន័យដែលត្រូវបានរចនា និងរៀបចំឡើង ដើម្បីធានាដំណើរការប្រកបដោយប្រសិទ្ធ សុពលភាព និងសុវត្ថភាពរបស់ឧបករណ៍ ទី២-ផ្នែកឧបករណ៍ព័ត៌មានវិទ្យា ដែលមានឧបករណ៍បច្ចេកវិទ្យាព័ត៌មានមានលក្ខណៈបច្ចេកវិទ្យាចុងក្រោយ និងកម្មវិធីសម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ទាំងនេះ និងការរក្សាទុកទិន្នន័យ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់សេវាឌីជីថល ជូនសាធារណៈជន៕