ដោយ៖ សុផារី
ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរក្នុងរយៈពេល៤សប្តាហ៍ជាប់ៗគ្នាចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៃប្រទេសកម្ពុជា កំពុងវិលត្រលប់ទៅរកស្ថានភាពដើមពេញលេញវិញ ដូចកាលពីមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩។ នេះបើតាមការវាយតម្លៃរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា “ចរន្តភ្ញៀវទេសចរជាង៣០ម៉ឺននាក់ ក្នុងរយៈពេល៤សប្តាហ៍ជាប់គ្នានេះ បង្ហាញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុង បានវិលត្រលប់ពេញលេញ ទៅរកស្ថានភាពមុនពេលផ្ទុះកូវីដ-១៩ នៅឆ្នាំ២០១៩”។
បើតាមទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅសប្ដាហ៍ទី៣នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ជិត៣៣ម៉ឺននាក់ សប្ដាហ៍ទី៤នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣១ម៉ឺននាក់ សប្ដាហ៍ទី១នៃខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣០ម៉ឺននាក់ ហើយសប្ដាហ៍ទី២នៃខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត៣៩០.៦០៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ នៅចុងសប្តាហ៍នេះ រួមមាន រាជធានីភ្នំពេញ៤០.២៩៨នាក់ ខេត្តកែប៣៥.៥០០នាក់ ខេត្តកំពត៣២.២៧៩នាក់ ខេត្តសៀមរាប៣២.០៥៧នាក់ និងខេត្តកំពង់ស្ពឺ១៦.៦៨៨នាក់។
លោក ថោង ខុន បានបន្តថា តួលេខខាងលើ មានការកើនឡើងប្រមាណ៣០,២៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ក្រៅពីគោលដៅទេសចរណ៍សំខាន់ៗ ប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បានធ្វើដំណើរទៅប្រារព្វពិធីបុណ្យវិសាខបូជា នៅតាមទីវត្តអារាម នាថ្ងៃអាទិត្យនេះ។ រដ្ឋបាលមូលដ្ឋាននៅថ្នាក់ខេត្ត និងស្រុកមួយចំនួនបានរៀបចំឲ្យមានជាក្បួនដង្ហែ តាមលំនាំពុទ្ធសាសនា នៃពិធីបុណ្យពិសាខបូជា។ ទន្ទឹមនឹងនេះ នៅខេត្តព្រះសីហនុ ក៏បានរៀបចំកម្មវិធីតាំងពិព័រណ៌ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ដែលបានទាក់ទាញអ្នកចូលរួមជាច្រើននាក់ផងដែរ៕