ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយបានស្នើសុំជួលដីមួយកន្លែងទំហំ៣០៨ហិកតា នៅក្នុងរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង ក្នុងដំណើរពិនិត្យសិក្សាទីតាំងជាក់ស្តែងរបស់លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកខូវ សូវៀត ទីប្រឹក្សារដ្ឋមន្រ្តី ក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារកន្លងទៅ។
គម្រោងស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ ក្រុមការងាររបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិនេះ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់ទៅលើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងលក្ខខណ្ឌបទដ្ឋានបច្ចេកទេស ជាដើម ព្រមទាំងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវតំបន់ ដែលត្រូវអភិវឌ្ឍន៍ និងតំបន់ដែលត្រូវអភិរក្សការពារ ជាលក្ខណៈធម្មជាតិនៅក្នុងតំបន់។
លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ តាមផែនការនឹងវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក សហការជាមួយក្រុមហ៊ុនមកពីក្រៅប្រទេស អភិវឌ្ឍទៅជាតំបន់រមណីយដ្ឋានធម្មជាតិ សម្រាប់លម្ហែកាយ កន្លែងលេងកម្សាន្ត និងសួនសត្វបក្សាបក្សីជាដើម។ ទោះយ៉ាងណា ការអភិវឌ្ឍនេះមិនប៉ះពាល់ដល់ព្រៃធម្មជាតិនោះទេ។
បើតាមលោក អ៊ុក ភក្ត្រា ការជួលដីឱ្យវិស័យឯកជននេះមានរយៈពេលប្រហែល៥០ឆ្នាំ ក្នុងទំហំដី៣០៨ហិចតានៃដីព្រៃ ដោយ៣០ភាគរយអាចអភិវឌ្ឍបាន តែ៧០ភាគរយទៀត ត្រូវតែរក្សាទុកសភាពដើមដដែល។
លោកបញ្ជាក់ថា តាមច្បាប់វិនិយោគក្នុងទំហំដី៣០៨ហិចតានៃដីព្រៃ គេឱ្យតែ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនោះត្រូវតែរក្សាទុកសភាពដើមដដែល គឺអត់មានប៉ះពាល់ដល់ជីវចម្រុះទេ។ ការជួលដីឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ គឺប្រហែល៥០ឆ្នាំ។ ទោះយ៉ាងណាការសម្រេចគឺស្ថិតលើក្រសួង និងរាជរដ្ឋាភិបាល ដោយយើងគ្រាន់តែចុះពិនិត្យមើលទីតាំងប៉ុណ្ណោះ។
លោកថា រដ្ឋបាលខេត្តកោះកុងតែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ទៅលើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមអភិវឌ្ឍទេសចរណ៍ធម្មជាតិ៕