ក្រុមហ៊ុនឯកជនមួយគ្រោងវិនិយោគដីទំហំ៣០៨ហិចតានៅជួរភ្នំក្រវាញ ជាតំបន់ទេសចរណ៍ធម្មជាតិ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន​​ឯកជន​មួយ​បាន​ស្នើសុំ​ជួល​ដី​មួយកន្លែង​ទំហំ៣០៨​ហិកតា ​នៅក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំ​ក្រវាញ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​ ដើម្បី​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

 

នេះបើតាម​ការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង ក្នុងដំណើរពិនិត្យសិក្សាទីតាំងជាក់ស្តែងរបស់លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកខូវ សូវៀត ទីប្រឹក្សារដ្ឋមន្រ្តី ក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារកន្លងទៅ។

គម្រោង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នេះ ក្រុមការងារ​របស់​ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​កោះកុង ​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​នេះ ប៉ុន្តែ​ត្រូវ​គិតគូរ​ឱ្យបាន​ហ្មត់ចត់​ទៅលើ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​លក្ខខណ្ឌ​បទដ្ឋាន​បច្ចេកទេស ជាដើម ព្រមទាំងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវតំបន់ ដែលត្រូវអភិវឌ្ឍន៍ និងតំបន់ដែលត្រូវអភិរក្សការពារ ជាលក្ខណៈធម្មជាតិនៅក្នុងតំបន់​។

លោក អ៊ុក ភក្ត្រា អភិបាលរង​ខេត្តកោះកុង​បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នេះ តាម​ផែនការ​នឹង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ក្រៅ​ប្រទេស  ​អភិវឌ្ឍ​ទៅជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ​សម្រាប់​លម្ហែកាយ កន្លែង​លេងកម្សាន្ត និង​សួនសត្វ​បក្សាបក្សី​ជាដើម​។ ទោះយ៉ាងណា ការអភិវឌ្ឍ​នេះ​មិន​ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​នោះទេ​។

បើតាមលោក អ៊ុក ភក្ត្រា ការជួល​ដី​ឱ្យ​វិស័យ​ឯកជន​នេះមានរយៈពេល​ប្រហែល៥០​ឆ្នាំ​ ក្នុង​ទំហំ​ដី៣០៨ហិចតា​នៃ​ដីព្រៃ ដោយ៣០​ភាគរយអាចអភិវឌ្ឍបាន តែ៧០ភាគរយទៀត ​ត្រូវតែ​រក្សាទុក​សភាព​ដើម​ដដែល។

 

លោក​បញ្ជាក់ថា​ ​តាមច្បាប់​វិនិយោគ​ក្នុង​ទំហំ​ដី៣០៨ហិចតា​នៃ​ដីព្រៃ គេ​ឱ្យតែ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនោះ​ត្រូវតែ​រក្សាទុក​សភាព​ដើម​ដដែល គឺ​អត់​មាន​ប៉ះពាល់​ដល់​ជីវចម្រុះ​ទេ​។ ការជួល​ដី​ឱ្យ​វិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍ធម្មជាតិ គឺ​ប្រហែល៥០​ឆ្នាំ​។ ទោះយ៉ាងណា​ការសម្រេច​គឺ​ស្ថិត​លើ​ក្រសួង និង​រាជរដ្ឋាភិបាល ​ដោយ​យើង​គ្រាន់តែ​ចុះ​ពិនិត្យមើល​ទីតាំង​ប៉ុណ្ណោះ​។

លោកថា រដ្ឋបាល​ខេត្តកោះកុង​តែងតែ​សាទរ និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ទៅលើ​ការជួល​ដី​វិនិយោគ​រៀបចំ​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្នុង​ខេត្តកោះកុង ដែលជា​ផ្នែក​មួយ​នៃ​ការអភិរក្ស​ធនធានធម្មជាតិ លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here