ដោយៈ គង់ សូរិយា
ភ្នំពេញៈ ភាគីជប៉ុនបានឈានមួយជំហានទៀត ក្នុងការរៀបចំ“កញ្ចប់សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ជប៉ុន” ដោយពន្លឿនការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុននៅកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុននឹងមិនត្រឹមតែសម្រួល ដល់លំហូរវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងបច្ចេកវិទ្យាដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។
-->
ព័ត៌មាននេះត្រូវនបាលលើកឡើងកាលពីដើមសប្តាហ៍នេះ ក្នុងពេលសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាត្តឲ្យ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនចំនួន៣០ ចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកនេះ។
ក្នុងអំឡុងជំនួប ប្រធានJCA បានជម្រាបជូនអំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមរបស់សមាគម បន្ទាប់ពីការបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជាកាលពីឆ្នាំមុន។
លោកបានលើកឡើងពីផលប្រយោជន៍សំខាន់ៗ និងផែនការអាជីវកម្មដែលកំពុងត្រូវបានអនុវត្ត ដោយផ្តោតលើវិស័យសំខាន់ៗចំនួនបីដែលមានគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
វិស័យទី១ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញកម្មករកម្ពុជា ដោយផ្អែកលើស្តង់ដារជប៉ុន ពង្រឹងភាពប្រកួតប្រជែងកម្លាំងពលកម្ម តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧស្សាហកម្ម ស្របតាមស្តង់ដារផលិតភាព និងគុណភាព។
អាទិភាពទី២ ផ្តោតលើវិស័យកែច្នៃកសិ-ឧស្សាហកម្ម ដែលក្រុមហ៊ុនជប៉ុនស្វែងយល់ពីបច្ចេកវិទ្យាទំនើប និងប្រព័ន្ធគ្រប់គ្រង ដើម្បីអភិវឌ្ឍផលិតផលកសិកម្ម ដែលមានតម្លៃបន្ថែម និងគាំទ្រដល់គោលដៅរបស់កម្ពុជា ក្នុងការជំរុញខ្សែសង្វាក់តម្លៃនាំចេញ ផ្អែកលើកសិ-ឧស្សាហកម្ម។
វិស័យទី៣ សង្កត់ធ្ងន់លើវិស័យឌីជីថល ដោយមានគោលបំណងបំពាក់ជំនាញឌីជីថល និងបច្ចេកវិទ្យាដល់កម្មករកម្ពុជា លើកកម្ពស់នវានុវត្តន៍ និងបង្កើនប្រសិទ្ធភាពសហគ្រាស ស្របតាមរបៀបវារៈនៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាល។
សម្តេចធិបតីហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់JCA ក្នុងការតភ្ជាប់វិនិយោគិន និងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា នៅទូទាំងប្រទេសជប៉ុន ដោយវាយតម្លៃខ្ពស់នូវតួនាទីរបស់សមាគម ក្នុងការសម្របសម្រួលបេសកកម្មអាជីវកម្ម ការរៀបចំដំណើរទស្សនកិច្ចពាណិជ្ជកម្ម និងការចែករំលែកព័ត៌មានវិជ្ជមាន អំពីបរិយាកាសវិនិយោគរបស់កម្ពុជា។
សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ក្នុងការគាំទ្រផែនការអាជីវកម្ម និងវិនិយោគរបស់JCA ដោយធានាដល់គណៈប្រតិភូជប៉ុនថា រដ្ឋាភិបាលនឹងបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយសមាគម ដើម្បីធានាបាននូវការអនុវត្តគំនិតផ្តួចផ្តើមរបស់ខ្លួនដោយរលូន។

ដើម្បីធានាបាននូវលទ្ធផលជាក់ស្តែង សម្តេចធិបតីហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយJCA។
សម្តេចធិបតីបានបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពសម្របសម្រួល ដើម្បីពង្រឹងការចូលរួមរបស់សហគ្រាសជប៉ុន លើកទឹកចិត្តដល់ការផ្ទេរចំណេះដឹង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។
សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ទីក្រុងតូក្យូកាលពីខែឧសភា ដែលក្នុងអំឡុងពេលនោះរដ្ឋាភិបាលទាំងពីរ បានយល់ព្រមបង្កើត “កញ្ចប់សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ជប៉ុន” សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគី ដោយភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់វិស័យរដ្ឋ និងឯកជនក្នុងវិស័យដូចជាការវិនិយោគ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍តឧស្សាហកម្ម។
សម្តេចបានលើកទឹកចិត្តJCA ឱ្យពិនិត្យមើលការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលមិនត្រឹមតែជួយសម្រួលដល់លំហូរវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងការរីករាលដាលបច្ចេកវិទ្យាដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។
ជំនួបនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគ ដែលមានគុណភាព បង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងលើកកម្ពស់កំណើនប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសទាំងពីរ។
ដោយមានក្រុមហ៊ុនជប៉ុនជាង១៥០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជារួចហើយ លើវិស័យផលិតកម្ម លក់រាយ និងសេវាកម្ម វត្តមានកាន់តែខ្លាំងឡើងរបស់JCA ត្រូវបានគេរំពឹងថានឹងពង្រឹងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ទាក់ទាញការវិនិយោគ ដែលមានគុណភាពខ្ពស់ និងគាំទ្រដល់យុទ្ធសាស្ត្រធ្វើពិពិធកម្ម ឧស្សាហកម្មរយៈពេលវែងរបស់កម្ពុជា៕
