ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុតនិងជាប្រធានក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីបន្ដពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំ របាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
កិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានការចូលរួមពីលោកសុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលជាសមាជិកនៃក្រុមការងារតម្រង់ទិស និងក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី ថាញ៉ា មេយ័រ (Tania Meyer) នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា អមដោយសេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់និងសកល ដោយបានផ្ដោតការពិភាក្សាលើប្រធានបទចំនួន ២ សំខាន់ៗគឺ៖ (១) ការបណ្តុះបណ្តាលជំនាញ និងការបង្កើតការងារ និង (២) ការកែទម្រង់ស្ថាប័ន។
-->
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍ ចំពោះសមាជិកនៃក្រុមការងារតម្រង់ទិស និងលោកស្រីនាយកប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងក្រុមការងារធនាគារពិភពលោក ដែលបានចូលរួមចែករំលែកនូវព័ត៌មាន ទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធប្រធានបទទាំងពីរក្នុងកិច្ចប្រជុំនេះ ដែលជាផ្នែកនៃរបាយការណ៍ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់ធនាគារពិភពលោក ហើយរបាយការណ៍នេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់កម្ពុជាក្នុងការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកស្រី ថាញ៉ា មេយ័រ នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមកិច្ចប្រជុំពិភាក្សានេះ សំដៅរួមចំណែកដល់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយគុណភាព។

ពាក់ព័ន្ធនឹងប្រធានបទទាំងពីរនេះ លោកស្រីក៏បានបំផុសនូវចំណុចសម្រាប់ការពិភាក្សា ៣ រួមមាន (១) ការកសាងភាពធន់របស់កម្ពុជា ស្ថិតក្រោមភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល (២) ការទាញប្រយោជន៍ពីកម្លាំងពលកម្មកម្ពុជា ដែលជាយុវជន និង (៣) ការគិតគូរទាំងលើទិដ្ឋភាពបរិមាណ និងគុណភាពនៃការងារដែលត្រូវបង្កើត។
ជំនាញការអន្តរជាតិរបស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការបង្កើតការងារក្នុងរយៈពេលកន្លងមក។ ក៏ប៉ុន្តែ ដើម្បីសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ កិច្ចខិតខំប្រឹងបន្ថែមមានភាពចាំបាច់ ដែលត្រូវផ្តោតលើ ការជំរុញការផ្លាស់ប្តូរអត្រាការងារក្នុងវិស័យកសិកម្ម ទៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម ការពង្រីកទំហំអត្រាការងារផ្លូវការ និងការបង្កើនផលិតភាពការងារ ដែលមានភាពផ្សារភ្ជាប់នឹងបរិយាកាសអាជីវកម្ម ផងដែរ។
ក្នុងន័យនេះ កម្ពុជាត្រូវផ្តោតលើកិច្ចការកែទម្រង់សំខាន់ចំនួន ៥ រួមមាន ការបន្តកែទម្រង់វិស័យអប់រំ ការពង្រីកការអភិវឌ្ឍជំនាញ ការធ្វើសមាហរណកម្ម កម្លាំងពលកម្មចំណាកស្រុក ដែលត្រឡប់មកកម្ពុជាវិញ ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងបរិយាបន្ន និងការកាត់បន្ថយ និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនកម្លាំងពលកម្មបៃតង (Green Workforce)។
លោកឧបនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការជំរុញការបណ្តុះបណ្តាលជំនាញ និងការបង្កើតការងារ ទាមទារឱ្យមានការគិតគូរជាប្រព័ន្ធ ប្រកបដោយភាពប្រទាក់ក្រឡា ដោយម្ខាងផ្តោតលើផ្នែកផ្គត់ផ្គង់ និងម្ខាងទៀតក៏ត្រូវពិនិត្យលើផ្នែកតម្រូវការផងដែរ។ ទន្ទឹមនេះ ការបន្តកែទម្រង់ស្ថាប័នជាផ្នែកដ៏សំខាន់ ដែលចាំបាច់ត្រូវមានការរៀបចំក្រប ខ័ណ្ឌអនុវត្តឱ្យបានច្បាស់លាស់ ជាពិសេសគឺការអនុវត្តជាក់ស្តែង ដោយផ្តោតលើការធ្វើឱ្យមានការផ្លាស់ប្តូរ នូវវប្បធម៌របស់ស្ថាប័ន បញ្ហាធនធាន (មនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា) គណនេយ្យភាព និងការធ្វើទំនាក់ទំនងជាប្រចាំ រវាងថ្នាក់ដឹកនាំ និងអ្នកអនុវត្តការងារ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោក ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ និងចែករំលែកនូវព័ត៌មាន បទពិសោធន៍ និងឧត្ដមានុវត្ដន៍
សំខាន់ៗ ព្រមទាំងបានផ្តល់ការណែនាំដល់ក្រុមការងារតម្រង់ទិស ឱ្យបន្តសហការជាមួយ ក្រុមការងារនៃធនាគារពិភពលោក ធ្វើការសិក្សាលើប្រធានបទទាំងនេះ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងកំណត់នូវទិសដៅ ការងារអាទិភាព សម្រាប់ជាប្រយោជន៍ដល់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
