ក្រសួងចំនួន២ឯកភាពរួមគ្នាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួ​ងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួ​ងពាក់ព័ន្ធ ប្រជុំពិភាក្សាស្វែងរកការឯកភាពរួមគ្នាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ។

ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងទាំងពីរ និងមន្រ្តីពាក់ព័ន្ឋបានពិភាក្សាគ្នា លើការរៀបចំប្លង់គោលប្រើប្រាស់ដី ក្នុងតំបន់បឹងទន្លេសាប។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងក្នុងកិច្ចប្រជុំថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីកសាងការឯកភាពរួមគ្នាសម្រេចចិត្ត និងទទួលខុសត្រូវឱ្យបានច្បាស់លាស់ ក្នុងការកំណត់បែងចែកតំបន់នីមួយៗក្នុងតំបន់បឹងទន្លេសាប រៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់នេះ ព្រមទាំងកសាងផែនការនៃការអនុវត្តប្លង់គោលផងដែរ។

លោកបានបង្ហាញការយល់ឃើញថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹងមានមូលដ្ឋានដ៏សំខាន់មួយ សម្រាប់យើងបោះជំហានទៅមុខ នោះគឺ ការឯកភាពគ្នាលើផែនការ កសាងខឿនសេដ្ឋកិច្ចតំបន់បឹងទន្លេសាបឱ្យក្លាយជា របៀងសេដ្ឋកិច្ច ដើម្បីសន្តិសុខស្បៀង និងសុវត្ថិភាពម្ហូបអាហារ សម្រាប់កម្ពុជានាពេលអនាគត។

លោកបញ្ជាក់ថា “អ្វីដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំនាពេលនេះគឺជាជំហានទី១ ដោយឡែកជំហានទី២ ក្រុមការងារនឹងចុះទៅពិនិត្យមើលឱ្យបានច្បាស់លាស់ នៅទីតាំងជាក់ស្តែង ហើយនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដី ក្នុងតំបន់បឹងទន្លេសាប និងត្រូវធ្វើ សៀវភៅ ស សម្រាប់កំណត់គោលដៅអភិវឌ្ឍន៍ នៅតាមភូមិឃុំក្នុងបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប”។

ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសន្យានឹងបន្តជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរទន្លេ​សាប នាពេលក្រោយជាបន្តបន្ទាប់ទៀត ដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឱ្យបាននូវលំហូរចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here