អ្នកធុរកិច្ចចិនចំនួន៤៥រូបមកសិក្សាឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចប្រមាណ៤៥រូប ដឹកនាំដោយលោក ឈាន ជិនហ័រ (Qian Zhenhua)ប្រធានសមាគម Shanghai International Cooperation Association of Small and Medium Enterprises ដោយមានការសម្របសម្រួលពីឯក។

ជំនួបនេះ មានការចូលរួមផងដែរពីលោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា។    

លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក ឈាន ជិនហ័រ បានដឹកនាំប្រតិភូសមាគម មកជួបពិភាក្សាការងារនាពេលនេះ និងបានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានចំណា​យពេលអញ្ជើញមកទស្សនកិច្ចសិក្សា ស្វែងយល់ ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោកជា វុទ្ធី បានលើកឡើងពីកំណើននៃរំហូរវិនិយោគមកពីប្រទេសចិននៅកម្ពុជា ដែលការណ៍នេះគឺដោយសារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ កម្ពុជា-ចិន ហើយបច្ចុប្បន្ន កម្ពុជា-ចិន បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានស្នើឱ្យសមាគមជួយជំរុញទាក់ទាញការវិនិយោគបង្កើតមូលដ្ឋានផលិតកម្ម ដើម្បីផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជាការកែច្នៃជ័រកៅស៊ូ ស្វាយចន្ទី ដំទ្បូងមី ស្រូវអង្ករ និងឈើដាំ។

ជាការឆ្លើយតបលោក ឈាន ជិនហ័រ ប្រធានសមាគម Shanghai International Cooperation Association of Small and Medium Enterprises បានជម្រាបជូនថា សមាជិកសមាគមដែលអញ្ជើញមកទស្សនកិច្ច សិក្សានៅកម្ពុជានាពេលនេះ សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យចម្រុះដូចជា សំ​ណ​ង់ និងហេដ្ឋារចនាសម្ព័ន្ធ វាយនភណ្ឌ បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាការពារបរិស្ថាន បច្ចេកវិទ្យាឌីជីថល ឧបករណ៍វេជ្ជសាស្ត្រ ភស្តុភារកម្ម សេវាកម្មវិនិយោគនិងហិរញ្ញវត្ថុ។ល។

លោកបានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈជំនួបពិភាក្សានេះ គណៈប្រតិភូនឹងទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយអំពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញការកៀរគរវិនិយោគិនពីទីក្រុងសៀងហៃ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

នៅក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកលឹម វិសាល អគ្គលេ​ខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានធ្វើបទបង្ហាញស្តីពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា របបលើកទឹកចិត្តវិនិយោគ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងឱកាសនៃការវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន ជាពិសេស វិស័យកសិកម្ម និងកសិឧស្សាហកម្ម ត្បិតកម្ពុជាមានសក្តានុពលធំធេង សម្រាប់ការវិនិយោគកែច្នៃ ហើយវិស័យនេះជាវិស័យដែលមានភាពធន់ជាមួយនឹងវិបត្តិនានា ភាពតានតឹងពាណិជ្ជកម្ម, និងមានតម្រូវការខ្ពស់ពីទីផ្សារចិន ដែលជាទីផ្សារធំនិងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា៕
|


ចែករំលែក