ក្រុមហ៊ុនកូរ៉េធំមួយគ្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ាស៊ីនបូមទឹក និងកង្ហារនៅកម្ពុជា

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Hanil Electric Co., Ltd. ដឹកនាំដោយលោក Kang Jae Sung នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្រុមហ៊ុន Hanil Electric Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹក និងបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៤។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន Hanil Electric Co., Ltd. និងបានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការសិក្សាស្វែងយល់អំពី កាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការបានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា តាមរយៈការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់វិនិយោគិន ទាំងក្នុងដំណាក់កាលមុនពេលសម្រេចចិត្តវិនិយោគ និងក្នុងពេលដំណើរការគម្រោងវិនិយោគ។

លោក Kang Jae Sung បានជម្រាបជូនអង្គប្រជុំពីផែនការវិនិយោគបង្កើតរោងចក្រផលិតម៉ាស៊ីនបូមទឹក និងកង្ហារនៅកម្ពុជា ដោយមានគោលដៅប្រើប្រាស់កម្ពុជា ជាមូលដ្ឋានផលិតកម្ម និងចែកចាយផលិតផលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមនេះ លោកក៏បានលើកឡើងនូវសំណូមពរមួយចំនួន ដើម្បីឱ្យគម្រោងវិនិយោគអាចអនុវត្តបានឆាប់ ដូចជា ការជួយសម្របស​ម្រួ​លក្នុងការស្នើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការស្វែងរកទីតាំងសមស្រប ការធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូផ្គត់ផ្គង់ក្នុងស្រុក។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានបញ្ជាក់ពីតួនាទីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការសម្របសម្រួល និងជួយសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញឱ្យគម្រោងវិនិយោគ អាចអនុវត្តទៅបានដោយរលូន និងទាន់ពេលវេលា។

គម្រោងវិនិយោគរបស់ក្រុមហ៊ុន Hanil Electric Co., Ltd. មានសក្តានុពលក្នុងការរួមចំណែក ដល់ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មឧស្សាហកម្មកម្ពុជា ការនាំចូលបច្ចេកវិទ្យានិងជំនាញ ពីសាធារណរដ្ឋកូរ៉េ ការបង្កើតការងារ និងការបង្កើនតម្លៃបន្ថែមក្នុងស្រុក៕


ចែករំលែក