ជនជាតិកូរ៉េខាងត្បូងឈរនៅលេខរៀងទី១ ដែលទិញអាផាតមិនច្រើនជាងគេនៅវៀតណាម

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៦ ជនជាតិកូរ៉េខាងត្បូងបានទិញអាផាតមិនចំនួនប្រហែល ៤៨% នៃចំនួនសរុប ៦.១៨៨ យូនីត ដែលជនបរទេសបានទិញនៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុននេះបានឱ្យដឹងថា ប្រជាជនមកពីចិនដីគោកស្ថិតនៅលំដាប់ទីពីរក្នុងបញ្ជី ដោយមានចំនួន ៣១% ដោយផ្អែកលើទិន្នន័យពីក្រសួងសំណង់ និងការស្ទង់មតិលើគម្រោងអភិវឌ្ឍន៍មួយចំនួន។

អ្នកទិញមកពីហុងកុង និងតៃវ៉ាន់រួមគ្នាមានចំនួន ១០% ប្រជាជនសិង្ហបុរីមានចំនួន ២% ហើយចំណែកដែលនៅសល់មានប្រភពមកពីទីផ្សារផ្សេងទៀត។

តម្រូវការនេះ ត្រូវបានជំរុញដោយវត្តមានកាន់តែច្រើនឡើងនៃក្រុមហ៊ុនអាជីវកម្មពីទីផ្សារទាំងនេះ ដែលឈានជើងចូលប្រទេសវៀតណាម ដែលបង្កើតឱ្យមានតម្រូវការលំនៅឋានសម្រាប់បុគ្គលិកបរទេសរបស់ពួកគេ។

ប្រទេសកូរ៉េខាងត្បូង ចិន និងសិង្ហបុរី គឺជាប្រភពសំខាន់ៗនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាម។

ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ មក នៅក្នុងទីក្រុងហូជីមិញ មានអាផាតមិនចំនួន ១៥.៨៤១ យូនីត មកពីគម្រោងចំនួន ១៥៨ ត្រូវបានអនុញ្ញាតឱ្យលក់ទៅឱ្យជនបរទេស។ ក្នុងចំណោមនោះ មានចំនួន ៣.២៩៧ យូនីតត្រូវបានលក់ចេញ ប៉ុន្តែមានតែ ៣១៦ យូនីតប៉ុណ្ណោះដែលត្រូវបានចេញប័ណ្ណកម្មសិទ្ធិ។

ជនបរទេសអាចកាន់កាប់បានមិនលើសពី ៣០% នៃចំនួនយូនីតនៅក្នុងគម្រោងអាផាតមិនមួយដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស ដោយរយៈពេលនៃកម្មសិទ្ធិនេះត្រូវបានកំណត់ត្រឹម ៥០ ឆ្នាំ និងអាចពន្យារពេលបានមួយលើក៕


ចែករំលែក