ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសបានធូរស្រាលឡើងវិញ កម្ពុជាបានបង្ហាញកាលានុវត្តភាពវិនិយោគ និងសក្ដានុពលរបស់ខ្លួនទៅកាន់វិនិយោគិនបរទេសជាបន្តបន្ទាប់ ក្នុងនោះដែរកម្ពុជាក៏បានបង្ហាញកាលានុវត្តភាព និងសក្ដានុពល៤ចំនុច ដល់វិនិយោគិនបរទេស ដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៨ ឧសភាបានរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” ជាលក្ខណៈពាក់កណ្តាលអនឡាញ។
ក្នុងវេទិកានោះ ក៏មានការធ្វើបទបង្ហាញដោយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជានានាផងដែរ ហើយបទបង្ហាញទាំងនោះ ផ្ដោតលើប្រធានបទសំខាន់មួយចំនួន រួមមាន ទី១- បទបង្ហាញស្តីពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដោយថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មកម្ពុជា ទី២ -បរិយាកាស និងការលើកកម្ពស់គោលនយោបាយវិនិយោគកម្ពុជា ដោយប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទី៣-គុណសម្បត្តិនៃការនាំចេញផលិតផលកសិកម្ម ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងទី៤-បរិយាកាសនៃការវិនិយោគនៅខេត្តព្រះសីហនុ ដោយអភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ បន្ទាប់មកទៀត ក៏មានការធ្វើបទបង្ហាញពីវិស័យឯកជនរបស់ចិន ដែលកំពុងធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តនូវគោលនយោបាយជាយុទ្ធសាស្ត្រ តាមគំនិត ផ្តួចផ្តើមរបស់ ប្រធានាធិបតីចិន លោកស៊ី ជិនពីងក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន និងការដាក់ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលដើរតួនាទីជាគន្លឹះក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ហើយទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន លើគ្រប់វិស័យត្រូវបានពង្រឹង និងពង្រីកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា-ចិន ក្នុងនោះក្រោមក្របខ័ណ្ឌតំបន់”។លោកបន្តថា “ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)”។
ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា ឆ្នាំ២០២០ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ចិនគឺនៅតែជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ហើយបានក្លាយជាគោលដៅនាំចេញអង្ករ និងចេកដ៏ធំបំផុតរបស់កម្ពុជា ជាក់ស្ដែងភាគីទាំងពីរ បានសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១០ពាន់លានដុល្លារ ពីរឆ្នាំមុនពេលកំណត់។
លោកថា “កិច្ចសហប្រតិបត្តិការវិនិយោគ រវាងភាគីទាំងពីរពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា កសិកម្ម ថាមពលអគ្គិសនី វាយនភណ្ឌ និងទំនាក់ទំនង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាសចិន បានបង្កើតការងារប្រមាណ៣ម៉ឺនកន្លែងសម្រាប់តំបន់”៕