ក្រុមហ៊ុនធំមួយរបស់កាតាចាប់ផ្តើមវិនិយោគនៅកម្ពុជា ក្នុងចំណោម បណ្តាប្រទេសអាស៊ាន

0

ដោយៈ គង់​ សូរិយា

    ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia របស់ប្រទេសកាតា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ច ស្វែងរកឱកាសវិនិយោគ នៅកម្ពុជានាពេលនេះ។ សម្តចតេជោ បានគូសរំលេចអំពីលទ្ធផលជាផ្លែផ្កា នៃដំណើរទស្សនកិច្ចសម្តេចនៅមជ្ឈឹមបូព៌ា ជាពិសេសជំនួបពិភាក្សាការងារសម្តេចជាមួយប្រធានសភា នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ កាតាផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើវិស័យសក្តានុពលរវាងប្រទេសទាំង២ កាលពីឆ្នាំកន្លងទៅ។

នាឱកាសនោះលោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនាពេលនេះ។

លោកបន្តថា តាងនាមឱ្យគ្រួសាររាជវង្សនៃកាតា និងក្រុមហ៊ុន AI Mansour Asia, លោក Fahd AI Dosari បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការបន្តពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន AI Mansour Asia បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងមានលោក Jay Han ជានាយកប្រតិបត្តិប្រចាំនៅកម្ពុជា។

ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក Fahd AI Dosari។ សម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពវិនិយោគ លើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។

សម្តេចតេជោ បានបន្តចង្អុលបង្ហាញ អំពីកាលានុវត្តភាពសម្រាប់ការកែច្នៃស្រូវ ក្នុងខណៈដែលកម្ពុជា ជាប្រទេសមានអទិរេកស្រូវ ស្របពេលដែលកាតា គឺជាប្រទេសត្រូវការស្បៀង។ តាមរយៈការរៀប​ចំប្រមូលទិញ ស្តុក និងបង្កើតម៉ាស៊ិនកិនស្រូវនេះ កម្ពុជា-កាតា អាចពង្រីកការផ្គត់ផ្គង់ស្បៀង ទៅកាន់ប្រទេសនានានៅមជ្ឈឹមបូព៌ា ដែលត្រូវការស្បៀងផងដែរ។

សម្តេចតេជោ ក៏បានកត់សម្គាល់អំពីសក្តានុពល នៃស្វាយចន្ទីកម្ពុជា ដែលបច្ចុប្បន្ន កម្ពុជាជាប្រទេសផលិត គ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងបាននាំចេញប្រមាណ៦០ម៉ឺនតោន រួចទៅហើយក្នុងមួយឆមាសដើមឆ្នាំ២០២៥នេះ។

ផ្អែកតាមតួលេខនេះសម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងអាចបន្តនាំចេញ គ្រាប់ស្វាយចន្ទីប្រមាណ១លានតោន ក្នុងឆ្នាំនេះ ហើយការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គឺជាពេលវេលាដ៏សមស្រប។

សម្តេចតេជោ បានបន្តថា កម្ពុជា ក៏នៅមានដំឡូងមី និងជ័រកៅស៊ូ ដែលយើងមិនទាន់បានកែច្នៃ ឱ្យអស់សក្តានុពលនៅឡើយ ហើយទីផ្សារនៅកម្ពុជា រួមទាំងតំបន់ ក៏នៅមានលម្ហក្នុងការផ្គត់ផ្គង់ ដែលគួរក្រុមហ៊ុនសិក្សាចាប់យកឱកាសវិនិយោគនេះ។

លោក Fahd AI Dosari បានថ្លែងអរគុណសម្តេចតេជោ ចំពោះអនុសាសន៍ណែនាំ និងបង្ហាញការចាប់អារម្មណ៍លើវិស័យកសិ​កម្ម កម្មន្តសាល ក៏ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេស​ចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។

លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក មើលឃើញយ៉ាងច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើប ក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ នៅអាស៊ីអាគ្នេយ៍ដោយផ្តើមចេញពីការវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Fahd AI Dosari ចំពោះការទុកចិត្ត និងមើលឃើញសន្តិភាព និងស្ថិរភាពនៅកម្ពុជា និងគម្រោងវិនិយោគទាំងអស់ រួមទាំង វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ និងបានជូនពរលោក ព្រមទាំងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here