ដោយៈ ជេស៊ីកា
កោះកុងៈ គម្រោងវារីអគ្គិសនីតាតៃ ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ដែលវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង ៣៨៩ លានដុល្លារអាមេរិកស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង កំពុងត្រូវបានអាជ្ញាធរខេត្តចុះដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល ដោះស្រាយបញ្ហារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវារីអគ្គិសនីកាល ពីថ្ងៃទី២៧ឧសភាកន្លងមក លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា បញ្ហានេះកើតមានឡើង ដោយសារគម្រោងវារីអគ្គិសនីតាតៃ លើអានុភាព ១៥០មេហ្កាវ៉ាត់ និងត្រូវសាងសង់នៅស្រុកថ្មបាំង ខេត្តកោះកុង ហើយទីតាំងសាងសង់នេះ ប៉ះចំដីចម្ការរបស់ប្រជាពលរដ្ឋ ដែលជាដីមានប័ណ្ណកម្មសិទ្ធិ។
លោកបានបន្តថា បន្ទាប់ពីកិច្ចប្រជុំពិភាក្សាសម្រសម្រួលនេះ ដំណោះស្រាយមានបីជម្រើស សម្រាប់ភាគីទាំងពីរពិចារណា សម្របសម្រួលដោះស្រាយគឺជម្រើសទី១ ក្រុមហ៊ុនវារីអគ្គិសនីអាចធ្វើផ្លូវទំហំ៨ម៉ែត្រ ចូលទីតាំងដោយកាត់តាមព្រំដីរបស់ប្រជាពលរដ្ឋ (ដីក្រុមហ៊ុន លឹម លុង និងដី លោក ស៊ុន សាមឿន)។ ផ្ទៃដីដែលប៉ះពាល់សម្រាប់ធ្វើផ្លូវនេះ ក្រុមហ៊ុនវារីអគ្គិសនី នឹងត្រូវសងសំណងសមរម្យ ទៅម្ចាស់ដីតាមការចរចារ។ ជម្រើសទី២ ក្រុមហ៊ុនវារីអគ្គិសនី អាចជួលដីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដល់ការសាងសង់។
ជម្រើសទី៣ ប្រសិនបើ ជម្រើសទី១ និងទី២ មិនអាចអនុវត្តទៅបាន នោះក្រុមហ៊ុនអាចចរចាជាមួយម្ចាស់ដី ដើម្បីទិញដីដែលប៉ះពាល់នោះក្នុងតម្លៃសមស្របណាមួយ។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃ ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation បានចាប់ផ្តើមសាងសង់ជាផ្លូវការ នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១កន្លងទៅនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៦ខាងមុខ។
គម្រោងនេះ ក្រុមហ៊ុនបានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយ ដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។គម្រោងនេះ ផ្ដល់សម្បទានរយៈពេល៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។
បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំ លក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕