ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើកកិច្ចប្រជុំ ពិភាក្សាការងារស្តីពីវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្តក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើម បង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្ត ក្នុងការអភិវឌ្ឍ តំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ ឧស្សាហកម្មប្រមូលផ្តុំ ដោយមានការចូលរួមពីលោកអគ្គលេខាធិការ និងមន្រ្តីពាក់ព័ន្ឋ។
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាព គម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។
នៅក្នុងបទអន្តរាគមន៍ស្តីពី បច្ចុប្បន្នភាពនៃការវិនិយោគ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញនូវវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ បានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ក្នុងដើមទុនសរុបប្រមាណ១២,៦ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានជាង២០ម៉ឺនកន្លែង។
លោកបានបន្ថែមថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាព ក្នុងការស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ។
ជាមួយគ្នានេះ លោកជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទអន្តរាគមន៍ស្តីពីទស្សនាទាន នៃគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative ដែលជាការចង្អុលបង្ហាញ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំដែលបានផ្តល់ធាតុចូល សំដៅបង្កើតនូវបរិយាកាសវិនិយោគនៅកម្ពុជា ដែលកាន់តែមានភាពអំណោយផល និងទាក់ទាញ ដើម្បីក្តាប់យកនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ចូលមកវិនិយោគនៅកម្ពុជា៕