ដោយៈសុផារី
ព្រះសីហនុៈ ខេត្តព្រះសីហនុ នៅបន្តជាគោលដៅទេសចរណ៍លំដាប់ទី១ ក្នុងចំណោម២៥ខេត្តក្រុង នៅប៉ុន្មានខែចុងក្រោយនេះ។ ដើម្បីស្តារឡើងវិញ លើកកម្ពស់ និងបន្តរក្សាចំណាត់ថ្នាក់ខេត្តគោលដៅ ទេសចរណ៍ទី១ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ក្នុងការអនុវត្ត។
លោកតាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងកាលពីថ្ងៃទី៣០ ឧសភាថា រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងទេសចរណ៍ ចាត់ទុកវិស័យទេសចរណ៍ថា បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចសង្គម។ នៅពេលដែលវិស័យទេសចរណ៍មានបញ្ហាប្រឈម គឺធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសង្គមជាច្រើន ជាពិសេសគឺការបាត់បង់ការងារ ទាំងផ្ទាល់និងប្រយោល។
លោកបានបន្តថា ដើម្បីរួមចំណែកស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានដាក់ចេញនូវផែនការមួយចំនួនដូចជា ពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី កំណត់តម្លៃលើសេវាផ្សេងៗ ដើម្បីរក្សាស្ថិរភាពអាជីវកម្ម ធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាដើម។
លោកមានប្រសាសន៍ថា “សម្រាប់ការអនុវត្តគ្រប់គ្រងគោលដៅទេសចរណ៍មួយ ដែលជោគជ័យ មិនអាស្រ័យតែលើការងាររបស់មន្ទីរ ឬក៏ការងារសំខាន់ពាក់ព័ន្ធមួយចំនួន ទៅហ្នឹងឧស្សាហកម្មទេសចរណ៍ ដែលចាំបាច់ត្រូវតែមានស្តង់ដារគុណភាពខ្ពស់”។ លោកបន្តថា “អ្វីដែលសំខាន់ទៀតនោះ គឺពាក់ព័ន្ធទៅនឹងកត្តាខាងក្រៅមួយទៀត ប្រសិនបើគោលដៅមានគុណភាពសេវាកម្មទេសចរណ៍ល្អ មានបរិស្ថានល្អ មានសុវត្ថិភាពល្អ មានស្ថិរភាពនយោបាយសន្តិសុខ រួមទាំងបច្ចេកទេសបច្ចេកវិទ្យា ជាកត្តាសំខាន់ ដើម្បីជំរុញដល់ការផ្សព្វផ្សាយផ្ដល់ព័ត៌មាន ទៅដល់ភ្ញៀវទេសចរ”។
លោកតាំង សុចិត្រគ្រឹះស្នាបានបន្តថា ក្នុងនោះដែររួមទាំងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំណល់រឹងរាវ ព្រលានយន្តហោះ ដែលសព្វថ្ងៃនេះយើងពង្រីក រហូតទទួលនូវយន្តហោះខ្នាតធំ ដែលទាំងនេះគឺបានជំរុញឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនខ្លាំង ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ដើម្បីទ្រទ្រង់ ដល់វិស័យទេសចរណ៍ឱ្យមានការរីកចម្រើន ប្រកបដោយគុណភាព និងនិរន្តរភាព រដ្ឋបាលខេត្តបានកំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដារ សេវាកម្មទេសចរណ៍។
លោកបានបន្តថា រដ្ឋបាលខេត្តក៏ពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈរួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ដែលបានចូលរួមអភិវឌ្ឍន៍ និងគាំទ្រដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននិងពេលអនាគត។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ខេត្តព្រះសីហនុ ទាក់ទាញបានទេសចរសរុប ចំនួន៥៦.២៥១នាក់ ក្នុងចំណោមទេសចរសរុបចំនួន២៧៤.០២៦នាក់៕