ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានស្វាគមន៍ និងអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ច និងវត្តមានអាគារខ្ពស់ៗនៅកម្ពុជា ប៉ុន្តែបានសម្តែងការបារម្ភពីប្រព័ន្ឋសុវត្ថិភាព និងអគ្គិភ័យនៅតាមអាគារខ្ពស់ៗនានា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី១ មិថុនាកន្លងមកថា ការសាងសង់អាគារខ្ពស់ៗ និងលំនៅដ្ឋានជាប់ដីកាន់តែច្រើន បាននិងកំពុងគិតគូរពីតំបន់បៃតង ទីធ្លាសាធារណៈកាន់តែច្រើនបណ្តើរៗ ហើយ ប៉ុន្តែបញ្ហាប្រព័ន្ឋសុវត្ថិភាពនៅតាមអាគារខ្ពស់ៗ ពិសេសប្រព័ន្ឋពន្លត់អគ្គិភ័យ នៅមានកម្រិតនៅឡើយ។
លោកបន្តថា “ខ្ញុំមានការព្រួយបារម្ភពីកង្វះប្រព័ន្ឋសង្រ្គោះ នៅពេលដែលអគ្គភ័យឆាបឆេះអាគារណាមួយ ដោយសារយើងមានឧបករណ៍សង្រ្គោះនៅមានកម្រិត”។ លោកបន្តថា “រាជរដ្ឋាភិបាលគួរបង្កើនការវិនិយោគលើប្រព័ន្ឋសង្រ្គោះអគ្គិភ័យ និងឧបករណ៍រំដោះមនុស្សដទៃទៀត ដូចជា ឧទ្ទមភាគចក្រ ដែលអាចជួយរំដោះមនុស្សបាន”។
លោកច្រឹក សុខនីមបានបន្តថា នៅប្រទេសរីកចម្រើននានា គេបានវិនិយោគច្រើនលើប្រព័ន្ឋសង្រ្គោះករណី មានឧបទ្ទវហេតុអគ្គិភ័យធំៗនៅតាម អាគារខ្ពស់ៗកើតឡើង ប៉ុន្តែនៅកម្ពុជាការវិនិយោគផ្នែកនេះនៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបបានលើកឡើង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋាភិបាលគួរទិញឧទ្ទម្ភភាគចក្រយ៉ាងតិច២គ្រឿង ដើម្បីបង្ការហានិភ័យនានា ពិសេសនៅពេលមានករណីភ្លើងឆេះអាគារខ្ពស់ៗនានា ព្រោះឧទ្ទម្ភភាគចក្រទាំងនោះមានជណ្តើរ ដែលអាចជួយរំដោះមនុស្សបាន។
ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានបណ្តុះបណ្តាលមន្រ្តីពន្លត់អគ្គិភ័យ មួយចំនួនផងដែរ និងបានទិញឧបករណ៍មួយចំនួន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរស់នៅតាមអាគារខ្ពស់ៗផងដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយមន្រ្តីរូបនោះបានទទួលស្គាល់ថា ឧបករណ៍សំរាប់សង្រ្គោះនៅគ្រាអាសន្នបែបនេះ នៅមានកម្រិតនៅឡើយ បើធៀបនឹងអ្វី ដែលប្រទេសជឿនលឿននានាបានធ្វើ៕