ដោយ: គង់ លាងហួរ
អន្តរជាតិ: កត្តាសំខាន់ៗចំនួន៣ រួមមានការបញ្ចុះអត្រាការប្រាក់ ស្ថិរភាពនៃតម្រូវការលំនៅដ្ឋាន និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានគេព្យាករណ៍ថា នឹងជំរុញឱ្យទីផ្សារអចលនទ្រព្យម៉ាឡេស៊ីស្ទុះងើបឡើងវិញនៅឆមាសទី២ ឆ្នាំនេះ។
ជាក់ស្តែង ការកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយដោយធនាគារកណ្តាលម៉ាឡេសុីនាពេលថ្មីៗនេះនឹងជួយសម្រាលបន្ទុករបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងជំរុញតម្រូវការអចលនទ្រព្យ។ ជាពិសេស ការណ៍នេះអាចលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង។
ទីផ្សារអចលនទ្រព្យម៉ាឡេសុីក៏នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខ រួមមានដូចជា ផែនការសាងសង់ប្រព័ន្ធដឹកជញ្ជូនរហ័សស្វ័យប្រវត្តិ (e-ART) ផែនការដំឡើងរថភ្លើងអគ្គិសនីរវាងទីក្រុង Gemas និងទីក្រុង Johor Bahru និងប្លង់មេសម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore ដែលគ្រោងបង្ហាញនៅចុងឆ្នាំនេះ។
នៅឆមាសទី១ ឆ្នាំនេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ម៉ាឡេសុីបានបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ បន្ទាប់ពីស្រូបទាញបានទំហំទុនវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យសរុបចំនួន១៦៣,៦ពាន់លានរីងហ្គីតក្នុងឆ្នាំ២០២៤ និងជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដូចជា ផ្លូវដែកល្បឿនលឿន East Coast Rail Link។
ជាមួយគ្នានេះ តំបន់ Klang Valley រាប់បញ្ចូលទាំងរាជធានីគូឡាឡាំពួរ ត្រូវបានគេព្យាករណ៍ថា នឹងទទួលបានការផ្គត់ផ្គង់ឃ្លាំងថ្មីសរុបចំនួន៤,២លានហ្វីតការ៉េនៅត្រឹមឆមាសទី២ ឆ្នាំ២០២៥។
ដោយឡែក ទីផ្សារការិយាល័យនៅតំបន់ Klang Valley រដ្ឋ Johor និងរដ្ឋ Penang នៅតែបន្តមានស្ថិរភាព។ តំបន់ Klang Valley ត្រូវបានគេព្យាករណ៍ថា នឹងទទួលបានការផ្គត់ផ្គង់ទំហំការិយាល័យថ្មីជាង២លានហ្វីតការ៉េក្នុងឆ្នាំនេះ។
ទន្ទឹមនឹងនោះ តម្លៃជួលការិយាល័យនៅទីក្រុង Johor Bahru បានកើនឡើងចន្លោះពី០,១រីងហ្គីត និង០,៤រីងហ្គីតក្នុងមួយហ្វីតការ៉េ ដែលជំរុញដោយការផ្គត់ផ្គង់ការិយាល័យថ្មី និងស្ថិរភាពនៃតម្រូវការ៕ប្រភព: New Straits Times៕