ដោយៈសុខុម
ភ្នំពេញ: មុនពេលផ្ទុះវិបត្តិកូវីដ-១៩ តំបន់ឥណ្ឌូចិន គឺជាជម្រើសដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាពិសេសទេសចរមកពីទីឆ្ងាយៗ ដែលចង់មកទស្សនា និងសិក្សាស្វែងយល់ពីកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ក្នុងដំណើរកម្សាន្តតែមួយរួមគ្នា។
ទោះជាយ៉ាងណា វិស័យទេសចរណ៍ក្នុងតំបន់ បានដាំក្បាលចុះហៅមិនឮ ក្រោយពីវិបត្តិកូវីដ-១៩បានផ្ទះឡើង។ ជាវិធានការដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ បណ្ដារដ្ឋាភិបាលនានា បានរឹតបន្តឹងលើការធ្វើដំណើរ និងបានបិទព្រំដែនយ៉ាងតឹងរ៉ឹង ក្នុងរយៈពេល២ឆ្នាំមកនេះ។ ទន្ទឹមនេះក្រុមអ្នកជំនាញ ក្នុងឧស្សាហកម្មទេសចរណ៍បានព្យាករថា ទេសចរណ៍កម្សាន្តបែបម្នាក់ឯងៗនឹងកើនឡើង នៅពេលតំបន់ឥណ្ឌូចិន បើកព្រំដែនឡើងវិញ។
ពេលនេះការរឹតបន្តឹងលើការធ្វើដំណើរ ត្រូវបានបន្ធូរបន្ថយនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីកម្ពុជា ដែលក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់ដែលបានបើកព្រំដែនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការរឹតបន្តឹងតិចតួច និងលក្ខខណ្ឌតម្រូវងាយស្រួល សម្រាប់ការអនុញ្ញាតឱ្យចូលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
ពេលនេះក្រុមអ្នកពាក់ព័ន្ធ ក្នុងឧស្សាហកម្មទេសចរណ៍ បានចោទជាសំណួរថា តើភ្ញៀវទេសចរនឹងត្រលប់មកកាន់តំបន់នេះច្រើនដូចមុនទេ?។
លោក Willem Niemeijer ស្ថាបនិកក្រុមហ៊ុនទេសចរណ៍ Khiri Travel ដែលមានការិយាល័យនៅថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា បានលើកឡើងថា បច្ចុប្បន្នភាគច្រើននៃការកក់ ការធ្វើដំណើរកម្សាន្តច្រើនប្រទេសគឺសម្រាប់ចុងឆ្នាំក្រោយ។
លោកបានបន្ថែមថា “រហូតមកដល់ពេលថ្មីៗនេះ ប្រទេសឡាវ នៅបិទព្រំដែននៅឡើយ ហើយលក្ខខណ្ឌតម្រូវការចុះឈ្មោះ Thailand Pass របស់ថៃ សម្រាប់អ្នកធ្វើដំណើរបរទេស ក៏នៅជាឧបសគ្គរាំងផ្លូវ របស់ភ្ញៀវទេសចរ ដែលធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្ត ក្នុងការដើរកម្សាន្តច្រើន ប្រទេសក្នុងពេលអនាគតដីខ្លីខាងមុខផងដែរ”។
ខណៈជឿជាក់ថា ដំណើរកម្សាន្តច្រើនប្រទេស នឹងរើបមកវិញខ្លះ លោក Willem Niemeijer បានព្យាករថា កម្មវិធីដំណើរកម្សាន្តបែបចាស់គំរឹល នៅឥណ្ឌូចិន ដែលរួមបញ្ចូលគោលដៅ៣ ឬ៤បញ្ចូលគ្នា សម្រាប់ដំណើរកម្សាន្តមួយលើក ប្រហែលជាប្រើការលែងបានផលហើយ។
*ការរាំងស្ទះជើងហោះហើរ
ទន្ទឹមនឹងនេះ ក្រុមភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ បានយល់ស្របថា លទ្ធភាពទទួលបានជើងហោះហើរ គឺជាឧបសគ្គចំពោះកម្មវិធីដំណើរកម្សាន្ត ដែលមានលក្ខណៈស្មុគស្មាញ ដែលត្រូវឆ្លងកាត់គោលដៅជាច្រើន។
ទោះបីជាព្រំដែននានាបើកចំហឡើងវិញ ហើយការរឹតបន្តឹងត្រូវបានដកចេញ ឬកាត់បន្ថយយ៉ាងខ្លាំងក្នុងតំបន់យ៉ាងណាក្ដី ក៏ការបន្តការរាំងស្ទះដល់ជើងហោះហើរនៅតែជាបញ្ហាប្រឈម។
លោក Jeff Redl នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍វៀតណាម Diethelm Travel Vietnam បានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុនរបស់លោក កំពុងទទួលបានតម្រូវការមួយចំនួន សម្រាប់ដំណើរកម្សាន្ត រួមបញ្ចូលគ្នានៅឥណ្ឌូចិន។ ទោះជាយ៉ាងណា ដោយសារតែជើងហោះហើរ ក្នុងតំបន់មានកម្រិត អតិថិជន នៅតែត្រូវបន្តពន្យារពេលធ្វើដំណើររបស់ពួកគេ ឬផ្លាស់ប្តូរគោលដៅតែម្ដង។
លោកបានបន្ថែមថា តួយ៉ាងពេលនេះ នៅមិនទាន់មានជើងហោះហើរផ្ទាល់ពីខេត្តសៀមរាបរបស់កម្ពុជា ទៅកាន់អាកាសយានដ្ឋានណាមួយ ក្នុងប្រទេសវៀតណាម នៅឡើយទេ។
*កិច្ចសហប្រតិបត្តិការថ្នាក់តំបន់គឺជាគន្លឹះដ៏សំខាន់
មិនខុសពីលោក Willem Niemeijer ប៉ុន្មានឡើយ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក កម្ពុជា (PATA-CC) មានទំនុកចិត្តថា ទេសចរណ៍ថ្នាក់តំបន់ នឹងសម្រេចបានកំណើនមួយចំនួនឡើងវិញ នៅពេលភ្ញៀវទេសចរមានទំនុកចិត្តខ្លាំងជាងមុន។
លោកបន្តថា “ការបើកព្រំដែនឡើងវិញនៅទូទាំងតំបន់ នឹងជួយជំរុញចរាចរណ៍ទេសចរណ៍ក្នុងតំបន់ ក៏ដូចជា ជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ព្រំដែនទាំងនេះផងដែរ”។
លោកបានបន្ថែមទៀតថា “វាពិតជាសំខាន់ណាស់ ដែលបណ្ដាប្រទេសជាសមាជិកអាស៊ាន គួរសហការគ្នាយ៉ាងជិតស្និទ្ធ តាមរយៈការធ្វើសកម្មភាពដោយផ្ទាល់ មិនមែនសហការគ្នានៅលើតែក្រដាស”៕ TTGAsia៕