ដោយៈ ចំណាន
កំពតៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ “រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ” នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត។
លើសពីនេះ រដ្ឋបាលខេត្តកំពត ក៏ត្រៀមបើកដំណើរការរូបសំណាក “បាតដៃ” ដែលអាចឲ្យភ្ញៀវទេសចរណ៍ ឡើងថតរូបលេង និងគយគន់ទេសភាពក្រុងកំពតផងដែរ។
ព្រឹត្តិការណ៍កាលពីចុងសប្តាហ៍មុននេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ក្នុងខេត្តកំពត ដោយមានការចូលរួម ពីបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ព្រះសីហនុ និងកោះកុង។
គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងជំរុញជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ខេត្តកំពត និងបានគូសបញ្ជាក់ថា គោលបំណងចម្បង នៃការរៀបចំព្រឹត្តិការណ៍ កីឡារត់ប្រណាំងនេះឡើង គឺដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ របស់ខេត្តជាប់តំបន់ឆ្នេរទាំង៤របស់កម្ពុជា ដែលមានខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ឱ្យពិភពលោកបានស្គាល់ និងចង់មកសម្រាកកម្សាន្ត។

លោកបន្តថា ព្រឹត្តិការណ៍នេះ គឺបានផ្សារភ្ជាប់ទៅនឹង “ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦” ដែលមានសកម្មភាពទាក់ទាញជាច្រើន ដូចជា ការប្រកួតស្នាដៃចម្អិនម្ហូបអាហារ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ហើយកម្ពុជា ក្រោមម្លប់សន្តិភាពដែលយកមកដោយការលះបង់ គ្រប់បែបយ៉ាងរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជា មាន សុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្ន ក្រោមការដឹកនាំបន្ត ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក៏នៅតែបន្តរក្សាសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តអភិវឌ្ឍន៍ប្រទេស ពិសេសវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពរីកចម្រើន ដែលជាកត្តាធ្វើឱ្យកំណើនភ្ញៀវទេសចរ អន្តរជាតិមកលេងកម្សាន្ត ក្នុងប្រទេសទទួលបានភាពកក់ក្តៅ និងជួយផ្សព្វផ្សាយបន្តពីកម្ពុជាទៅកាន់ពិភពលោក។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិត របស់លោកអភិបាលខេត្ត ម៉ៅ ធនិន ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ និងផលិតផលទេសចរណ៍ ថ្មីៗ ប្លែកៗ មានភាពទាក់ទាញ ដែលជាកត្តាជំរុញឱ្យភ្ញៀវទេសចរសម្រុកមកកម្សាន្តក្នុងខេត្តកំពត កាន់តែច្រើនឡើងៗ៕







