ដោយៈ សុផារី
ភ្នំពេញៈ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់ប្រទេសកម្ពុជា ជាសក្ខីភាពបង្ហាញពិភពលោក អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។
នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក រាជធានីភ្នំពេញនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
-->

ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាម ត្រូវបានដង្ហែមកដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤។

សម្តេចបានថ្លែងថា “ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង៣.០០០លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជា ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ”។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើកពានរង្វាន់បាល់ទាត់ពិភពលោក និង សូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះ ជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕
