សម្តេចតេជោៈ ពានរង្វាន់បាល់ទាត់ពិភពលោកមកដល់ ជាសក្ខីភាពនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់ប្រទេសកម្ពុជា ជាសក្ខីភាពបង្ហាញពិភពលោក អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។

នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក រាជធានីភ្នំពេញនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាម ត្រូវបានដង្ហែមកដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤។

សម្តេចបានថ្លែងថា “ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង៣.០០០លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួ​យនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជា ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ”។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើកពានរង្វាន់បាល់ទាត់ពិភពលោក និង សូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះ ជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here