ដោយៈ គង់ សូរិយា
ភ្នំពេញៈ របាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាបានបង្ហាញថា វិស័យសំណង់ បានស្រូបយកឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុនានា មានទំហំរហូតដល់១៣,៧ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបង្ហាញកាលពីពេលថ្មីៗនេះថា គិតត្រឹមចុងត្រីមាសទី១ នៃឆ្នាំ២០២២ ប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ដល់វិស័យឯកជន មានសរុបដល់ជាង ៥០ពាន់លានដុល្លារអាមេរិក ដែលកើនជាង២៤ភាគរយ បើធៀបនឹងឆ្នាំមុន។

ក្នុងចំណោមឥណទានទាំងនោះ វិស័យសំណង់មានចំនួនច្រើនបំផុត ហើយបរិមាណឥណទាននេះ កើនឡើង២៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុកម្ពុជា នៅតែមានបញ្ហាប្រឈមផ្សេងៗដូចជា ការពិបាកក្នុងការស្នើសុំកម្ចី របស់សហគ្រាសធុនតូច និងមធ្យម និងកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុជាដើម៕







