0

កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ក្នុងឆ្នាំ២០២២ និង២លាននាក់ក្នុងឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ខណៈជំងឺកូវីដ-១៩សកលកំពុងថមថយ វិស័យទេសចរណ៍អន្តរជាតិចាប់ផ្ដើមមានសន្ទុះឡើងវិញ ដោយមានការបន្ធូរបន្ថយវិធានការរឹតត្បិត និងការដករបាំង ដែលជាលក្ខខណ្ឌតម្រូវនានា លើការធ្វើដំណើរជាអន្តរជាតិ។

ចំពោះកម្ពុជា រាជរដ្ឋាភិបាលបានសម្រួលលក្ខខណ្ឌ សម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ក្នុងការចូលមកកម្ពុជាជាបន្តបន្ទាប់ ដោ​យនៅក្នុងឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ១លាននាក់ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបទេសចរណ៍ឆ្នាំ២០២០ -២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី១២ ខែកក្កដានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ (មុនវិបត្តិ)។

លោកបន្តថា ទេសចរភាគច្រើនមកពីប្រភព ដូចជា វៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្ត្រាលី សិង្ហបុរី និងឥណ្ឌា។

លោក ថោង ខុន បន្តថា ភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ត ក្នុងប្រទេស រួមមាន ទេសចរជាតិសរុបប្រមាណ៦,៣៣លាននាក់ កើនឡើងក្នុងអត្រាប្រមាណ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម លើកទី៣២។

នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍សកលរំពឹងថា នឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចរន្ត នៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងការធ្វើដំណើរ ដើម្បីជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងការកម្សាន្ត ក្រោយពីខកខានអស់មួយរយៈ ដោយសារការដាក់ចេញនូវ វិធានការរឹតត្បិតនានា និងការបិទខ្ទប់នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២ នេះ អាចនឹងថយចុះក្នុងចន្លោះពី -៣០% ទៅ -៤៥% បើធៀបនឹងចំនួនទេសចរអន្តរជាតិ នៅក្នុងឆ្នាំ២០១៩ (មុនវិបត្តិ) ដោយសារតែវិស័យទេសចរណ៍សកល កំពុងទទួលរងការគំរាមកំហែង និងផលប៉ះពាល់ជា អវិជ្ជមានពីវិបត្តិ និងបញ្ហាប្រឈមនានា ដូចជា ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ឋិពល ធ្វើឱ្យមានការកើនឡើងនូវអតិផរណាជារួម ការកើនឡើង ខ្លាំងនៃថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវ ល្បឿនខុសៗគ្នា នៃការបន្ធូរបន្ថយការរឹតត្បិតលើ ការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here