ដោយគង់ សូរិយា
ភ្នំពេញ៖ ទំហំទុនវិនិយោគនៅកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ សម្រេចបានទឹកប្រាក់ជិត៥០០០លានដុល្លារអាមេរិក ដែលគំរោងវិនិយោគទាំងនោះបានបង្ហាញថា អ្នកវិនិយោគចិននៅតែនាំមុខគេនៅកម្ពុជា។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ វិច្ឆិកានេះថា កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន១៧០ នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ ដែលគិតជាទឹកប្រាក់មានចំនួនជាង៤,៧ពាន់លានដុល្លារ។ ក្នុងចំណោមគំរោងវិនិយោគនោះ មានគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១១៤ ដែលគិតជាទឹកប្រាក់ចំនួន៤ពាន់លានដុល្លារ និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៥៦គម្រោង ដែលគិតជាទឹកប្រាក់ចំនួនជិត៧រយលានដុល្លារ។
គម្រោងនៃការវិនិយោគឆ្នាំនេះ មានការកើនឡើងចំនួន២៨គម្រោង ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គំរោងវិនិយោគទាំងនេះបាននិងកំពុងបង្កើតការងារចំនួនជិត៣៦០០០កន្លែងនៅកម្ពុជាផងដែរ។ ក្នុងចំណោមគំរោងវិនិយោគនេះ អ្នកវិនិយោគក្នុងស្រុកបានគ្របដណ្តប់៣៥ភាគរយ នៃទុនវិនិយោគសរុប។
ទិន្នន័យដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមគំរោងវិនិយោគឆ្នាំនេះ ការវិនិយោ គលើគម្រោងឧស្សាហកម្ម និងកម្មន្តសាល គឺជាគម្រោងដែលអ្នកវិនិយោគចាប់អារម្មណ៍ច្រើនជាង ដែលមានរហូតដល់១៤៥គម្រោង គម្រោងវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១២គម្រោង។ ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍មាន១៣គម្រោង។
របាយការណ៍ដដែលនេះបានបង្ហាញឲ្យដឹងផងដែរថា ទោះជាគម្រោងវិនិយោគឆ្នាំនេះ មានកំនើនចំនួន២៨គម្រោង ប៉ុន្តែទំហំទុនវិនិយោគមានការធ្លាក់ចុះជាង១ពាន់លានដុល្លារ។
អ្វីដែលគួរឲ្យកត់សំគាល់ គឺទិន្នន័យនេះបានបង្ហាញថា ប្រទេសចិននៅតែជាប្រទេសនាំមុខគេ ដែលបានវិនិយោគនៅកម្ពុជា ដោយអ្នកវិនិយោគមកពីប្រទេសនេះបានក្តោបក្តាប់ការវិនិយោគចំនួនជាង៦០ភាគរយ និងតាមពីក្រោយដោយអ្នកវិនិយោគមកពីប្រទេសជប៉ុន ថៃ ម៉ាឡេស៊ី និងអង់គ្លេសជាដើម៕