រយៈពេល៩ខែ​ការវិនិយោគ​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ទំហំ​ទុនវិនិយោគ​នៅ​កម្ពុជា ក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ដែល​គំរោង​វិនិយោគ​ទាំង​នោះបាន​បង្ហាញថា អ្នកវិនិយោគ​ចិន​នៅតែ​នាំមុខគេ​នៅ​កម្ពុជា។

យោងតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី១៤ វិច្ឆិកា​នេះ​ថា កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន១៧០ នៅក្នុង​រយៈពេល៩ខែ​ដើមឆ្នាំ២០១៨នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង៤,៧ពាន់​លាន​ដុល្លារ។ ក្នុងចំណោម​គំរោង​វិនិយោគ​នោះ មាន​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន១១៤ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន៤ពាន់​លាន​ដុល្លារ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន៥៦គម្រោង ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ជិត៧រយ​លាន​ដុល្លារ។

គម្រោង​នៃ​ការវិនិយោគ​ឆ្នាំនេះ មានការ​កើនឡើង​ចំនួន២៨គម្រោង ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ គំរោង​វិនិយោគ​ទាំងនេះ​បាននិងកំពុង​បង្កើត​ការងារ​ចំនួន​ជិត៣៦០០០កន្លែង​នៅ​កម្ពុជា​ផងដែរ។ ក្នុងចំណោម​គំរោង​វិនិយោគ​នេះ អ្នកវិនិយោគ​ក្នុងស្រុក​បាន​គ្របដណ្តប់៣៥ភាគរយ នៃ​ទុនវិនិយោគ​សរុប។

ទិន្នន័យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​គំរោង​វិនិយោគ​ឆ្នាំនេះ កា​រវិ​និ​យោ គ​លើ​គម្រោង​ឧស្សាហកម្ម និង​កម្មន្តសាល គឺជា​គម្រោង​ដែល​អ្នកវិនិយោគ​ចាប់អារម្មណ៍​ច្រើនជាង ដែលមាន​រហូតដល់១៤៥គម្រោង គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មា​ន​ចំនួន១២គម្រោង។ ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍​មាន១៣គម្រោង។

របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា ទោះជា​គម្រោង​វិនិយោគ​ឆ្នាំនេះ មាន​កំនើន​ចំនួន២៨គម្រោង ប៉ុន្តែ​ទំហំ​ទុនវិនិយោគ​មានការ​ធ្លាក់ចុះ​ជាង១ពាន់​លាន​ដុល្លារ។

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់ គឺ​ទិន្នន័យ​នេះ​បាន​បង្ហាញថា ប្រទេស​ចិន​នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​នេះ​បាន​ក្តោប​ក្តាប់​ការវិនិយោគ​ចំនួន​ជាង៦០ភាគរយ និង​តាម​ពីក្រោយ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន ថៃ ម៉ាឡេស៊ី និង​អង់គ្លេស​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here