ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្នុងរយៈពេល១ឆមាស ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកចំណូលបានប្រមាណជិត២ពាន់លានដុល្លារអាមេរិក មានកំណើនប្រមាណ២៨,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១កន្លងទៅ ក្នុងនោះ ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិរក្សាបានកំណើនខ្ពស់ជាងគេ។
យោងតាមរបាយការណ៍បូកសរុបការងារ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញផ្សាយនៅល្ងាចថ្ងៃទី១៩ កក្កដា ២០២២ឱ្យដឹងថា ក្នុងចំណោមចំណូលទាំងជិត២ពាន់លានដុល្លារនោះ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនល្អ ធៀបនឹងរយៈពេលដូចគ្នា។
-->
ក្នុងនោះដែរ ពន្ធលើប្រាក់ចំណូលកើនប្រមាណ២៧,១៩ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង៣៣,៣៧ភាគរយ ពន្ធលើប្រាក់បៀវត្សរ៍កើនឡើង២៥,១៦ភាគរយ អាករពិសេសកើនឡើង៣៤,០១ភាគរយ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ កើនឡើងរហូតដល់៤៤,៣៨ភាគរយ និងពន្ធលើឈ្នួលផ្ទះនិងដី១០,១២ភាគរយ។
តាមរយៈកំណើន នៃប្រភេទពន្ធទាំងនេះបានធ្វើឱ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានរហូតដល់ជិត៧០ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២២នេះ ធៀបនឹងរយៈដូចគ្នា កាលពីឆ្នាំមុនកើនឡើងប្រមាណ៤៥២លានដុល្លារអាមេរិក។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងផងដែរថា ការដោះដូរអចលនទ្រព្យនៅ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ នៅតែមានសកម្មភាព ដែលធ្វើឱ្យមានការផ្ទេរកម្មសិទ្ធិពីបុគ្គលម្នាក់ទៅម្នាក់ទៀតកើនឡើង ហើយជំរុញឱ្យចំណូលពន្ធប្រថាប់ត្រាមានកំណើនខ្ពស់បែបនេះ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ការដោះដូរអចលនទ្រព្យ ក្នុងរយៈពេល៦ខែកន្លងមកនេះ យើងឃើញថាមានសកម្មភាពតែលើអចលនទ្រព្យខ្នាតតូច សម្រាប់អចលនទ្រព្យធំៗ ក្នុងរយៈពេលនេះមិនសូវមានទេ ដោយសារការវិនិយោគក្នុងឆ្នាំ២០២២នេះ ភាគច្រើនគឺជាការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក ដោយមិនទាន់មានវិនិយោគិនបរទេសចូលមកច្រើននៅឡើយ។
លោកបានបន្តថា វាមានកត្តាមួយចំនួន ដែលរារាំងដល់ការមកដល់នៃវិនិយោគិនបរទេស ជាពិសេស វិនិយោគិនចិន ដូចជាស្ថានភាពកូវីដ១៩មិនទាន់ប្រសើរ ក្នុងក្របខណ្ឌសកល និងការកើនឡើងនៃអតិផរណា ដោយសារតែវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម៕
