ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សា​ជាមួយ​ផ្នែក​ឯកជន​នៃ​ក្រុម​អ្នកធុរកិច្ច ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបើកកិច្ចប្រជុំអាហារពេលព្រឹក ពិភា​ក្សាការងាររវាងរដ្ឋ និងផ្នែកឯកជន លើកទី៤ក្រោមប្រធានបទ “កម្មវិធីកិច្ចសម្រួលបទប្បញ្ញត្តិរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា”។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមប្រធានបទ “កម្មវិធីកិច្ចសម្រួលបទប្បញ្ញត្តិរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក និង សភាពាណិជ្ជកម្មអ៊ឺរ៉ុប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះដោយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ កម្មវិធីជំនួបអា​ហារពេលព្រឹកធុរកិច្ចលើកទី៤នេះ មានការអញ្ជើញចូលរួមពី សំណាក់តំណាងក្រសួង ស្ថាប័នដែលជាសហប្រធានក្រុមការងារ តាមវិស័យនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ព្រមទាំងតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍រួមមាន តំណាង ADB, World Bank, UN, GIZ ជាដើម, និងសភាពាណិជ្ជកម្មនៃប្រទេសចិន សហភាពអឺរ៉ុបជប៉ុន កូរ៉េ និង សហរដ្ឋអាម៉េរិក សរុបប្រមាណ៩០រូប។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើគោលដៅមួយចំនួនដូចជា​ ទី១. ពិភាក្សា និងផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់លើការកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ (Red Tape) និងការសម្រួ​ល​ឯកសារធុរកិច្ច ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនភាពទាក់ទាញនៃការវិនិយោគ ទី២. ដោះស្រាយបញ្ហាប្រឈមចំពោះមុខលើប្រព័ន្ធឌីជីថល ដែលនៅដាច់ដោយឡែកពីគ្នា និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) សម្រាប់ក្រុមហ៊ុនដែលអនុវត្តអនុលោមភាពត្រឹមត្រូវ។

ទី៣. ពង្រឹងទំនុកចិត្តវិនិយោគិន ត្រៀមលក្ខណៈសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងរៀបចំយន្តការសហការរវាងរដ្ឋ និងឯកជន ឆ្ពោះទៅកាន់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSDF)លើកទី២០៕


ចែករំលែក