រដ្ឋាភិបាលចិនអនុម័តគម្រោងសាងសង់ ៥០ពាន់លានដុល្លារ បន្ទាប់ពីបានបន្ធួរបន្ថយវិធានបរិស្ថាន

0

ដោយៈ សុខុម

សៀងហៃ: ប្រទេសចិន បានសម្រុកអនុម័ត គម្រោងសាងសង់នានាដែលមានតម្លៃសរុប រហូតដល់ទៅ ៥៦,២២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបន្ធូរបន្ថយច្បាប់បរិស្ថានរបស់ខ្លួន កាលពីខែមុន ប៉ុន្តែនឹងនៅតែ”មិនអត់ឱនដាច់ខាត” ចំពោះក្រុមហ៊ុនដែលបំពានច្បាប់។ នេះបើយោងតាមមន្ត្រីមួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា។

ក្រសួងបរិស្ថានចិន បានប្រកាសកាលពីចុងខែមិថុនា កន្លងមកថា ខ្លួនបានកែសម្រួល ប្រព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) របស់ប្រទេសចិន ដើម្បីពន្លឿនដំណើរការអនុម័ត សម្រាប់គម្រោងធំៗក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនជាដើម។

ក្រសួងនេះបានសន្យា “ខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាព” ដើម្បីជួយគាំទ្រដល់គម្រោងសាងសង់ធំៗ រួមទាំងគម្រោងជំរុញការផ្គត់ផ្គង់ធ្យូងថ្ម និងការផ្គត់ផ្គង់ទឹកផងដែរ។

លោក Liu Zhiquan ដែលជាមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ថា ចំណាត់ការនេះ មានគោលបំណង “ជំរុញភាពរឹងមាំនៃទីផ្សារ” ហើយគម្រោងធំៗចំនួន១៦ ត្រូវបានអនុម័តរួចហើយក្រោមប្រព័ន្ធថ្មីនេះ។

សេចក្តីប្រកាសគោលនយោបាយ កាលពីខែមុនបញ្ជាក់ថា ការសាងសង់ថ្មីៗ ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យថាមពល និងដឹកជញ្ជូន នឹងមិនត្រូវបានវិនិច្ឆ័យ លើបរិមាណនៃការបំពុល ដែលគម្រោងទាំងនោះនឹងបញ្ចេញដូចមុនឡើយ ហើយគម្រោងមួយចំនួន អាចត្រូវបានលើកលែងពីដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទាំងស្រុង។

ចំណាត់ការនេះ បាននាំឱ្យមានការព្រួយបារម្ភថា ប្រទេសចិនកំពុងដើរត្រលប់ក្រោយ ហើយងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកបរិស្ថាន ប៉ុន្តែលោក Liu Zhiquan និយាយថា ក្រុមហ៊ុនដែលបំពានច្បាប់បរិស្ថាន តាមរយៈការដាក់ជូនព័ត៌មានបរិស្ថានក្លែងបន្លំ នឹងនៅតែត្រូវទទួលការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here