ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះប្រចាំឆ្នាំនៅប្រទេសអង់គ្លេសបានកើនឡើងក្នុងអត្រាយឺតបំផុតនៅខែកញ្ញា គិតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ ដែលជាសញ្ញាបង្ហាញថា ការចំណាយខ្ពស់លើការខ្ចីប្រាក់បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការ។
ស្ថាប័នផ្តល់ប្រាក់កម្ចីទិញផ្ទះ Nationwide Building Society បានឱ្យដឹងថា តម្លៃផ្ទះបានកើនឡើង ០,៨ ភាគរយនៅក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាអត្រាកំណើនប្រចាំឆ្នាំដ៏ទាបបំផុតមួយ ហើយបានធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងការកើនឡើង ១,៦ ភាគរយនៅក្នុងខែសីហា។
កំណើននេះមានកម្រិតទាបជាងអត្រាកំណើនប្រចាំឆ្នាំ ១,៣ ភាគរយ ដែលត្រូវបានព្យាករណ៍នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ទៅលើក្រុមសេដ្ឋវិទូ។
លោក Robert Gardner ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន Nationwide Building Society បានមានប្រសាសន៍ថា៖ «សកម្មភាពទីផ្សារ និងតម្លៃផ្ទះនៅតែមានសភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា»។
លោកបន្តថា «ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែមានកម្រិតខ្ពស់ ដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានបង្កជាសម្ពាធធ្វើឱ្យតម្លៃថាមពលកើនឡើង និងបង្កើនក្តីបារម្ភអំពីអតិផរណា»។
លោកបានលើកឡើងថា ទោះបីជាមានសញ្ញាបង្ហាញថា ការកើនឡើងនៃតម្លៃថាមពលមិនបានជះឥទ្ធិពលដល់សម្ពាធតម្លៃជាមូលដ្ឋានយ៉ាងណាក្តី ប៉ុន្តែការរំពឹងទុករបស់វិនិយោគិនថា ធនាគារកណ្តាលអង់គ្លេស (Bank of England) នឹងដំឡើងអត្រាការប្រាក់កម្ចី បានបន្តដាក់សម្ពាធឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះកើនឡើង។
ទីផ្សារហិរញ្ញវត្ថុរំពឹងថា ធនាគារកណ្តាលអង់គ្លេសនឹងដំឡើងអត្រាការប្រាក់គោលចំនួន ០,២៥ ភាគរយនៅខែវិច្ឆិកា ហើយទីផ្សារក៏បានគិតគូរទុកជាមុនរួចហើយអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅខែកុម្ភៈ ឆ្នាំ២០២៧។
លោកនាយករដ្ឋមន្ត្រី Andy Burnham បានប្រកាសពីកម្មវិធីកម្ចីថ្មីមួយ ដើម្បីជួយដល់អ្នកទិញផ្ទះលើកដំបូងឱ្យអាចមានលទ្ធភាពទិញផ្ទះបាន។ កម្មវិធីនេះនឹងបើកសម្រាប់អ្នកទិញផ្ទះដែលមានប្រាក់កក់ ២,៥ ភាគរយ និងផ្តល់ប្រាក់កម្ចីរហូតដល់ ២០ ភាគរយនៃតម្លៃអចលនទ្រព្យ៕







