ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (BVS) បញ្ចប់ការលក់​IP​សម្រេច​បាន​ទឹក​ប្រាក់​ជាង​៦,៤៩​លាន​ដុល្លារ ​និង​ត្រៀម​ចុះ​បញ្ជី​ជាផ្លូវការ​នៅ​លើ​ផ្សារមូលបត្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី០២​ ខែ​ធ្នូ ​ឆ្នាំ​២០២៦

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS)ដោយមាន ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក ដើរតួនាទីជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រ មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនសាធារណជន និងវិនិយោគិនមេត្តាជ្រាបថា ក្រុមហ៊ុននឹងចុះបញ្ជីជាផ្លូវការនៅលើទីផ្សារគោលនៃ ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមលទ្ធផល នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)កន្លងមក ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS)ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់វិនិយោគិន ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
• លទ្ធផលនៃការលក់IPO សរុប៖ ក្រុមហ៊ុនបានលក់ភាគហ៊ុនសរុបចំនួន២១,៦៤០,៣៦០ ភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន៦, ៤៩២,១០៨ដុល្លារអាមេរិក ជូនដល់វិនិយោគិនសរុបចំនួន៣ ២៤៣ នាក់ តាមរយៈការបញ្ជាទិញសរុបចំនួន៥ ៤៥៧ដង។ ក្នុងនោះ មានវិនិយោគិនចំនួន៧៧០នាក់ បានបញ្ជាទិញលើសពី១០,០០០ភាគហ៊ុនក្នុងម្នាក់ៗ ដែលមានចំនួនសរុប១៩,៥៥៩,៤៨០ ភាគហ៊ុន ឬគិតជាទឹកប្រាក់សរុបចំនួន៥. ៨៦៧, ៨៤៤ ដុល្លារអាមេរិក។

  • ការផ្តល់ជូនទឹកប្រាក់សងត្រលប់ (Cash Back 5%) ស្របតាមគោលការណ៍លើកទឹកចិត្ត វិនិយោគិនទាំង៧៧០នាក់ ដែលបានទិញលើសពី១០,០០០ភាគហ៊ុន នឹងទទួលបានទឹកប្រាក់សងត្រលប់ (Cash Back)ចំនួន៥% ដែលគិតជាទឹកប្រាក់សរុបចំនួន២៩៣, ៣៩២ដុល្លារអាមេរិក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៦។
  • ការអញ្ជើញចូលរួមពិធីចុះបញ្ជីជាផ្លូវការ៖ វិនិយោគិនដែលបានបញ្ជាទិញភាគហ៊ុនច្រើនជាងគេចំនួន៥០រូប នឹងទទួលបានលិខិតអញ្ជើញជាកិត្តិយស ដើម្បីចូលរួមក្នុងពិធីចុះបញ្ជីជាផ្លូវការនៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២៦ ចាប់ពីម៉ោង៧:៣០ នាទីព្រឹក នៅអគារផ្សារមូលបត្រកម្ពុជា (CSX)ដោយផ្ទាល់ (ដោយសារចំនួនកន្លែងអង្គុយមានកំណត់)។

ការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ ចំពោះកំណើនអាជីវកម្ម តម្លាភាព និងអភិបាលកិច្ចសាជីវកម្មដ៏ល្អប្រសើរ។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិនិយោគិនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងចូលរួមក្នុងដំណើរការIPOនេះ ព្រមទាំងសូមអរគុណដល់និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការគាំទ្រ និងកិច្ចសហការដ៏មានតម្លៃ។ ក្នុងឱកាសពិធីបុណ្យអុំទូកដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រុមហ៊ុនសូមជូនពរដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ទទួលបាននូវភាពរីករាយ សុខសុវត្ថិភាព និងទទួលទានមានបានគ្រប់ៗគ្នា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
• ទូរស័ព្ទ៖ (855) 70 998 860 / (855) 23 998 860/861/862៕


ចែករំលែក