ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបាន និងកំពុងស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំកម្មវិធី Business Excellence Awards 2022។
ព៌តមាននេះត្រូវបានលើកឡើងដោយ លោកKarthik Tallam កុងស៊ុលកិត្តិយស កម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា ក្នុងជំនួបជាមួយលោកឈួន ដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ កក្កដាកន្លងមកនេះ។
ក្នុងជំនួបនោះ លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូឥណ្ឌា មកកាន់ប្រទេសកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម ព្រមទាំងបានថ្លែងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នា ជាប្រវត្តិសាស្រ្តជាយូរណាស់មកហើយ ជាពិសេសឆ្នាំ២០២២នេះ ជាខួបគម្រប់៧០ឆ្នាំនៃ ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌាផងដែរ។
លោកបានបន្តថា ក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាការឆ្លើយតប លោកKarthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងការទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូឥណ្ឌានាពេលនេះ។
ទន្ទឹមនឹងនេះ លោកKarthik Tallam បានជម្រាបជូន លោករដ្ឋលេខាធិការ អំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌា មកកាន់ក្រសួងពាណិជ្ជកម្មថា គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មក្នុងការរៀបចំកម្មវិធី Business Excellence Awards 2022 ដែលរៀបចំ ដោយសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែលព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០ក្រុមហ៊ុនផងដែរ។
កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាមានទំហំទឹកប្រាក់ជាង៣១១លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌា ក្នុងទំហំទឹកប្រាក់ជាង១២៦លានដុល្លារអាមេរិក និងឥណ្ឌានាំចេញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង១៨៥លានដុល្លារអាមេរិក៕