តើប្រធានបទសំខាន់អ្វីខ្លះ ដែលនឹងលើកយកមកជជែករវាងលោកចូ បៃដិនជាមួយលោកស៊ី ជីនពីង

0

ដោយ: លាងហួរ

អាមេរិក: មន្រ្តីសេតវិមានបានបង្ហើបឱ្យដឹង នៅថ្ងៃអង្គារម្សិលមិញនេះថា ភាពតានតឹងនៅដែនកោះតៃវ៉ាន់ ក៏ដូចជា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីអាចជាប្រធានបទ ដែលត្រូវលើកយកមកសន្ទនា រវាងលោកចូ បៃដិនប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិនលោកស៊ី ជីនពីង។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ការគ្រប់គ្រងការប្រកួតប្រជែងសេដ្ឋកិច្ច រវាងចិននិងអាមេរិក ក៏ត្រូវលើកយកមកពិភាក្សាគ្នាផងដែរ។

នេះជាការសន្ទនាគ្នាតាមទូរស័ព្ទលើកទី៥ហើយ រវាងប្រធានាធិបតីនៃប្រទេសទាំង២ ខណៈដែលប្រទេសចិន បានធ្វើការព្រមានយ៉ាងខ្លាំងដល់រដ្ឋបាលលោកចូ បៃដិន ជុំវិញដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់។

លោកJohn Kirby បានបង្ហើបឱ្យដឹងអំពីប្រធានបទ ដែលត្រូវពិភាក្សាគ្នា រួមមាន ភាពតានតឹងលើកោះតៃវ៉ាន់ សង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងវិធីគ្រប់គ្រង ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ។

លោកបានមានប្រសាសន៍បន្តថា “នេះគឺជាការសន្ទនាមួយ ដែលបានគ្រោងទុកជាយូរយារណាស់មកហើយ និងមានរបៀបវារៈដ៏រឹងមាំមួយសម្រាប់មេដឹកនាំទាំងពីរពិភាក្សាគ្នា”។

ក្រោមគោលនយោបាយចិនតែមួយ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែសហរដ្ឋអាមេរិកបានបង្កើតច្បាប់ការពាររបស់ខ្លួន ដើម្បីការពារដល់ដែនកោះមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here