ដំណឹងល្អ ប្រទេសកូរ៉េនឹងភ្ជាប់ជើងហោះហើរផ្ទាល់មកកាន់ខេត្តសៀមរាបនាពេលឆាប់ៗនេះ

0

ដោយ៖ សុផារី

សៀមរាប៖ ប្រទេសកម្ពុជា និងកូរ៉េ គ្រោងភ្ជាប់ដំណើរការការហោះហើរផ្ទាល់ពីប្រទេសកូរ៉េ មកកាន់ខេត្តសៀមរាប នៅក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងជំរុញវិស័យទេសចរណ៍ខេត្តមួយនេះមានភាពប្រសើរឡើងវិញ ព្រមទាំងជម្រុញកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

នេះបើយោងតាមការបញ្ជាក់របស់លោក Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពេលបញ្ចប់អាណត្តិ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២២នេះ។

លោក Park Sungjin បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប។

លោកលើកឡើងថា ក្រុងសៀមរាបជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយ ដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។

លោកក៏បានឱ្យដឹងផងដែរថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប និងមានភាពប្រសើរឡើងវិញ ហើយលោកក៏និងជម្រុញដល់កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

យោងតាមលោក លោក Park Sungjin នាពេលបច្ចុប្បន្ន ប្រជាជនកូរ៉េប្រមាណ២.០០០នាក់កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប ហើយបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុលដោយឥតគិតថ្លៃគ្រប់ៗគ្នា។

លោក ទៀ សីហា បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ចំពោះកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រីជាមួយខេត្តសៀមរាប ដែលបានអសកម្មកន្លងមកដោយបញ្ហាជំងឺកូបីដ-១៩ធ្វើឱ្យមានការអាក់ខានក៏ពិតមែន តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប នឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here