ដោយ គង់ សូរិយា
ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យយក្សចិន Prince Real Estate Group បានបង្ហើបថា ក្រុមហ៊ុននេះគ្រោងពង្រីកទុន១០ពាន់លានដុល្លារបន្ថែមទៀត សម្រាប់១០ឆ្នាំខាងមុខនិងជ្រើសយកប្រទេសកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់។
លោក លី ម៉ិញ នាយកប្រតិបត្តិនៃក្រុមហ៊ុនបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីសម្ភោធការដ្ឋានសាងសង់ការិយាល័យកណ្តាលរបស់ខ្លួន នៅទីក្រុងកោះពេជ្រកាលពីថ្ងៃទី១៩ វិច្ឆិកាកន្លងមកនេះ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រស្នូល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្រុមហ៊ុន នឹងបន្តបណ្តាក់ទុនយ៉ាងតិចចំនួន១០ពាន់លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកវិសាលភាពក្រុមហ៊ុន ទៅកាន់ប្រទេសសឹង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម។
លោកបន្តថា “Prince នឹងក្លាយខ្លួនទៅជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈលោកមើលឃើញថា កម្ពុជាជាប្រទេសមួយស្ថិតនៅចំកណ្ដាលនៃប្រទេសជាសមាជិកអាស៊ាន។
វត្តមានរយៈពេលបីឆ្នាំ ក្នុងប្រទេសកម្ពុជាក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣០ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹប្រាក់សរុបលើសពី២០០០ លានដុល្លារអាមេរិក និងមានដីបម្រុងសរុបជាង ១០លានម៉ែត្រការ៉េ សម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន១៥លានម៉ែត្រការ៉េ។
លោក លី ម៉ិញ បានបន្ថែមថា ដើម្បីបង្កភាពងាយស្រួល និងទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនបានសាងសង់អគារទីស្នាក់ការកណ្តាលរួមមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដើម្បីប្រមូលផ្តុំក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ខ្លួនក្នុងប្រទេសកម្ពុជា អាចធ្វើការជារួមជុំគ្នា នៅទីតាំងតែមួយ ដោយអគារទាំងមូលបានប្រើប្រាស់រចនាបថបែបថ្មីទំនើប ដោយរួមបញ្ចូលគ្នា ជាមួយនិងការិយាល័យលក្ខណៈអេកូឡូស៊ី និងសន្សំសំចៃថាមពល ដែលជាកាត់បន្ថយការបំពុលបរិស្ថាន៕