ដោយៈ សុផារី
សៀមរាបៈ ប្រទេសកម្ពុជាគ្រោងដាក់ចេញ “កញ្ចប់ទស្សនាអង្គរពេញមួយជីវិត” សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងគោលបំណងទាក់ទាញលំហូរទេសចរណ៍ ឱ្យមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបបានច្រើន
។ នាពេលនេះ ក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័នពាក់ព័ន្ធកំពុងសិក្សារៀបចំ ដើម្បីស្នើទៅកាន់រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សា ជាមួយក្រសួង/ស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះក៏នឹងស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។
ក្រសួងទេសចរណ៍គ្រោងរៀបចំ ឱ្យមានបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើស ក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិ ទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ ទស្សនកិច្ចអាទិភាព (Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិ អាចមានសិទ្ធិអាទិភាព ក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍ និងចូលទ ស្សនារមណីដ្ឋានអង្គរពេញមួយជីវិត។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ក្រៅពីគម្រោងរៀបចំឱ្យកញ្ចប់ទស្សនារមណីយដ្ឋាន អង្គរពេញមួយជីវិត ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ច ទេសចរណ៍ពិសេសៗបន្ថែមទៀត ដូចជា ការជំរុញការតភ្ជាប់ជើងហោះត្រង់ ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុន អាកាសចរណ៍ ដែលលក់សំបុត្រតម្លៃទាបនៅកម្ពុជាជាដើម។
លោករដ្ឋមន្ត្រីបានបន្តទៀតថា សិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗនេះ ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេស គឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំ ទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ី ហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។
ក្រៅពីនេះ ក៏មានគម្រោងសិក្សា ពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរ ទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខផងដែរ។
លោកសុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ បានបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយទៀត ជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្នុងការរួមគ្នាដាក់ចេញកញ្ចប់ទស្សនកិច្ចពិសេសខេត្តសៀមរាប ដោយនឹងបង្កើតកម្មវិធីលើកទឹកចិត្តថ្មីៗ និងភាពទាក់ទាញថ្មីបន្ថែមទៀត សម្រាប់ខេត្តសៀមរាប។
នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង៣៩៤,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាប ទទួលបានទេសចរអន្តរជាតិចំនួន៦០.៤៣៥នាក់។
គម្រោងសិក្សាពីការរៀបចំ កញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេស នៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរណ៍ ទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសបិទស ន្និបាតក្រសួងទេសចរណ៍កន្លងទៅ ក៏បានសម្រេចយកឆ្នាំ២០២៣ ជំរុញទាក់ទាញឱ្យភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងវិញ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023)” ខណៈឆ្នាំ២០២៣ខាងមុខនោះដែរ ក៏ជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ក្នុងនោះការជំរុញចលនាទេសចរផ្ទៃក្នុង ក៏នៅតែយុទ្ធសាស្ត្រសំខាន់ ដែលស ម្តេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿននិងក្រើនរលឹក៕