ដោយ៖ សុផារី
ភ្នំពេញ៖ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នា រវាងរាជធានីភ្នំពេញទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន។
ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឬស្សីកែវ កញ្ញាសូ សុគុណឌឿន បានលើកឡើងថា រំហូរចរាចរណ៍ដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅបណ្តាខេត្តនានានឹងកាន់តែល្អប្រសើរ និងមមាញឹកជាងមុន។ កត្តានេះនឹងជួយជំរុញសក្តានុពលតំបន់ដែលចេញពីរាជធានីភ្នំពេញ ដូចជាកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ដោយបង្កើនតម្រូវការផ្ទះសម្រាប់ធ្វើអាជីវកម្មកាន់តែច្រើន។
កញ្ញាបន្តថា “បើធៀបនឹង ៣ ឆ្នាំមុន ទីតាំងមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ ៥ ហាក់មានការអភិវឌ្ឍតិចតូច។ ប៉ុន្តែបច្ចុប្បន្ន សហគមន៍ផ្សារទំនើប និងលំនៅឋានដ្ឋានបែបអាជីវកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារតំបន់នេះមានទំហំដីធំៗច្រើន និងតម្លៃដីមានលក្ខណៈប្រកួតប្រជែង បើធៀបនឹងតំបន់សក្តានុពលផ្សេងៗទៀត”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានលើកឡើងថា ម្ចាស់គម្រោងធំៗមួយចំនួនបានទិញដីនៅតំបន់ចន្លោះផ្លូវជាតិលេខ៥ និងផ្លូវ៦A ហើយលាតសន្ទឹងដល់ផ្លូវ៦១ ក្នុងគោលដៅអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋាននាពេលអនាគត។
លោកថ្លែងថា ”ជាពិសេសក្រវាត់ក្រុងផ្លូវជាតិលេខ៥ ផ្លូវជាតិ៦A នឹងមានកំណើនសន្ទុះនៃការអភិវឌ្ឍ ព្រោះ ម្ចាស់បុរីធំៗកំពុងអភិវឌ្ឍរួមគ្នានៅតំបន់ផ្លូវជាតិទាំងពីរនេះ។ គាត់ទិញដីធំៗច្រើនណាស់ អ៊ីចឹងពេលក្រោយទៅអគារណិជ្ជកម្មខ្ពស់ៗ នឹងទៅប្រមូលផ្តុំនៅតំបន់នោះ”។
ផ្លូវជាតិលេខ៥ តភ្ជាប់ភ្នំពេញជាមួយខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នផ្លូវជាតិមួយខ្សែនេះកំពុងអភិវឌ្ឍដោយពង្រីកពី២គន្លង ទៅ៤កន្លង គិតចាប់ពីចំនុចព្រែក្តាម រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងផ្លូវជាតិនេះ មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ គ្រោងចំណាយប្រមាណ៥០០លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់រដ្ឋាភិបាលជប៉ុន៕