គម្រោងអគារខ្ពស់កប់ពពក «Trump Tower» អាចនឹងលេចរូបរាងឡើងនៅទីក្រុងហាណូយក្នុងពេលអនាគត

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ដៃគូធុរកិច្ចវៀតណាមរបស់ក្រុមហ៊ុន Trump Organization កំពុងមានគម្រោងសាងសង់អគារខ្ពស់កប់ពពកថ្មីមួយ ដែលមានឈ្មោះថា Trump Tower នៅក្នុងទីក្រុងហាណូយ។

នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៣ ដែលប្រើប្រាស់ម៉ាកយីហោ Trump នៅក្នុងប្រទេសវៀតណាម រួមមានគម្រោងអគារខ្ពស់កប់ពពក Trump Tower នៅទីក្រុងហាណូយ គម្រោងបរិវេណវាយកូនហ្គោលក្រោមម៉ាកយីហោ Trump ដែលមានទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារនៅជិតទីក្រុងហាណូយ និងគម្រោងអគារ Trump Tower មួយទៀតនៅទីក្រុងហូជីមិញ។

គម្រោងទាំងនេះត្រូវបានផ្តល់ហិរញ្ញប្បទាន និងអភិវឌ្ឍដោយដៃគូវៀតណាម ដែលមានន័យថា ក្រុមហ៊ុន Trump Organization នឹងមិនចំណាយទុនផ្ទាល់ខ្លួននោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននឹងទទួលបានចំណូលតាមរយៈការផ្តល់សិទ្ធិប្រើប្រាស់ម៉ាកយីហោ ការគិតកម្រៃសេវាគ្រប់គ្រង និងការលក់អចលនទ្រព្យ។

កាលពីពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាជាមួយដៃគូក្នុងស្រុកនៃគម្រោងខាងលើ រួមទាំងក្រុមហ៊ុន Kinh Bac City Development ដោយពិភាក្សាអំពីគម្រោងសាងសង់អគារខ្ពស់កប់ពពកនៅទីក្រុងហាណូយ។

ជំនួបនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសអំពីលទ្ធភាពនៃការដាក់ពន្ធ ៣៥% លើទំនិញរបស់វៀតណាម ដែលអត្រានេះអាចនឹងត្រូវកាត់បន្ថយមកនៅត្រឹម ២០% ប្រសិនបើមានការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។

សំណើសាងសង់គម្រោង «Trump Tower» នៅទីក្រុងហាណូយ ត្រូវបានដាក់ជូនរដ្ឋាភិបាលវៀតណាមជាលើកដំបូងកាលពីខែឧសភា ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់ទទួលបានការអនុម័តនៅឡើយទេ៕


ចែករំលែក