ដោយៈ ចំណាន
ព្រះសីហនុៈ លោកហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្ត“ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣”លើកទី៥។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មចំនួន ៧ខេត្ត និងមន្ត្រីជំនាញសរុបប្រមាណ ៩០រូបផងដែរ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ អំពីផែនការមេ ដែលមានគម្រោងអាទិភាពសរុបចំនួន១៧៤គម្រោង បែងចែកជា ២ដំណាក់កាល គឺគម្រោងរយៈពេលខ្លី និងមធ្យម (២០២៣-២០២៧) និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) ព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសវិនិយោគដល់វិនិយោគិនក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ ផែនការមេនឹងត្រូវធ្វើការពិនិត្យ និងធ្វើបច្ចុប្បន្នភាពពាក់កណ្តាលអាណត្តិ (Mid-term Review) នៅឆ្នាំ២០២៨ ដោយបើកឱកាសឱ្យភាគីពាក់ព័ន្ធស្នើបញ្ចូលគម្រោងអាទិភាពបន្ថែម។

សិក្ខាសាលានេះជាឱកាសសំខាន់ ក្នុងការបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តផែនការមេឱ្យមានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕







