តម្លៃផ្ទះក្នុងទីផ្សារអចលនទ្រព្យហុងកុង អាចដាំក្បាលចុះ១០ភាគរយក្នុងឆមាសទី២ ឆ្នាំ២០២២

0

ដោយ សុខុម

ហុងកុង: តម្លៃផ្ទះនៅទីផ្សារហុងកុង អាចនឹងធ្លាក់ចុះដល់ទៅ១០%ក្នុងឆមាសទី២ ឆ្នាំ២០២២ បន្ទាប់ពីធនាគារធំៗ២បានដំឡើងអត្រាការប្រាក់សម្រាប់អ្នកទិញផ្ទះថ្មី ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែសីហា។

ធនាគារ HSBC Holdings plc និងធនាគារ Standard Chartered plc (StanChart) កំពុងដំឡើងអត្រាការប្រាក់២៥ពិន្ទុលើកម្ចីទិញផ្ទះនៅក្រុងហុងកុង ជាលើកដំបូងក្នុងឆ្នាំនេះ។ ហើយជាលទ្ធផល តម្លៃផ្ទះអាចនឹងធ្លាក់ចុះពី៥%ទៅ១០%ក្នុងឆមាសទី២។ នេះបើតាមការព្យាកររបស់អ្នកវិភាគ Patrick Wong និង Francis Chan ដែលមកពីសារព័ត៌មាន Bloomberg។

ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី មួយនេះកំពុងទទួលរងផលប៉ះពាល់កាន់តែខ្លាំង បន្ទាប់ពីធនាគារកណ្ដាលនៃក្រុងនេះបានដំឡើងអត្រាការប្រាក់ចំនួន៤លើកនៅឆ្នាំនេះ។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Centaline ឱ្យដឹងថា តម្លៃផ្ទះនៅហុងកុង បានធ្លាក់ចុះជាង៤%រួចទៅហើយ បន្ទាប់ពីពលរដ្ឋសម្រុកចាកចេញពីទីក្រុងនេះក្នុងគ្រាមានភាពតានតឹងខ្លាំងខាងនយោបាយ និងដោយសារក្រុងនេះបានអនុវត្តគោលនយោបាយរឹតបន្តឹងកូវីដ-១៩ យ៉ាងតឹងរ៉ឹងបំផុតក្នុងពិភពលោក។

ក្រុមហ៊ុនកម្រៃជើងសារកម្ចីទិញផ្ទះ mReferral Mortgage Brokerage Services និយាយថា ធនាគារ HSBC ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានកាន់កាប់ចំណែកជាង២០%នៃទីផ្សាររបស់ហុងកុង ផ្នែកកម្ចីទិញផ្ទះ ទាំងផ្ទះចាស់ និងផ្ទះថ្មីក្នុងខែកក្កដា កន្លងទៅ។

ការដំឡើងអត្រាការប្រាក់នេះអាចដាក់សម្ពាធកាន់តែខ្លាំងលើទីផ្សារអចលនទ្រព្យ ដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកមួយនេះ ដោយធនាគារអាមេរិក Goldman Sachs Group Inc បានព្យាករថា ទីផ្សារនេះនឹងដាំក្បាលចុះរហូតដល់ទៅ២០%នៅត្រឹមឆ្នាំ២០២៥។

ទន្ទឹមនេះ ទីផ្សារនេះក៏កំពុងត្រៀមខ្លួនសម្រាប់បណ្ដាស្ថាប័នផ្ដល់ប្រាក់កម្ចីដំឡើងអត្រាការប្រាក់គោលនៅឆ្នាំនេះ។ អ្នកជំនាញសេដ្ឋកិច្ចទាំង១២រូបដែលសារព័ត៌មាន Bloomberg ស្ទង់មតិសុទ្ធតែបានព្យាករថា អត្រាការប្រាក់គោលនឹងកើនឡើងនៅឆ្នាំនេះ ដោយខ្លះថាអាចនឹងកើនឡើងរហូតដល់១០ពិន្ទុទៀតផង៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here