ដោយ៖ សុផារី
កែប៖ ក្រសួងបរិស្ថាន បាននិងកំពុងតែសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ក្នុងការបង្កើតនូវឧទ្យានជាតិសមុទ្រមួយទៀត នៅក្នុងខេត្តកែប ដើម្បីអភិរក្សធនធានសមុទ្រ ដែលសម្បូរទៅដោយជីវៈចម្រុះ និងប្រភេទសត្វជីវៈចម្រុះផ្សេងៗទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក នេត្រ ភត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជាកំពុងតែសិក្សាលើការបង្កើតនូវគម្រោងឧទ្យានសមុទ្រថ្មីមួយ ដើម្បីអភិរក្សធនធានសមុទ្រ នៅក្នុងខេត្តកែប។
លោកបានឱ្យដឹងថា “ក្រសួងបរិស្ថាន បាននិងកំពុងតែបន្តការសិក្សា ដោយមានសំណើពីរដ្ឋបាលខេត្តកែប យើងកំពុងតែសិក្សាអំពីការបង្កើតនូវឧទ្យានជាតិសមុទ្រមួយទៀត នៅក្នុងខេត្តកែប ដោយសារតែទីតាំងកន្លែងនោះ គឺសម្បូរទៅដោយជីវៈចម្រុះ ដែលមានប្រភេទផ្កាថ្ម ស្មៅសមុទ្រ ជ្រូកសមុទ្រ ហើយនឹងមានត្រីដូហ្វ្រីនជាដើម ហើយនិងប្រភេទសត្វជីវៈចម្រុះផ្សេងៗទៀត”។
លោកបានមានប្រសាសន៍ថា “នាយកដ្ឋានអភិរក្សសមុទ្របាន និងកំពុងតែធ្វើការសិក្សា ក្នុងការប្រមូលទិន្នន័យពីតំបន់សមុទ្រ នៅក្នុងខេត្តកែប ដើម្បីឈានទៅដល់ការបង្កើតនូវឧទ្យានសមុទ្រ។ កម្ពុជារបស់យើងរំពឹងថា នឹងមានឧទ្យានសមុទ្រថ្មីមួយនៅក្នុងខេត្តកែប”៕