ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖
និយាយពីខេត្តមានសក្តានុពលសេដ្ឋកិច្ច និងខេត្តមានភាពអំណោយផលនៃការវិនិយោគលើវិស័យអចលនទ្រព្យ
នៃបណ្តាខេត្តភូមិភាគឥសាន្ត គេមិនអាចមើលរំលងឬបំភ្លេចចោលខេត្តបាត់ដំបងឡើយ
ដោយសារខេត្តទឹកដីនៅភូមិភាគពាយ័ព្យប្រទេសនេះ មានសក្តានុពលទាំងផលកសិកម្ម និងល្បឿននៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ខេត្តបាត់ដំបង មានប្រជាជនរស់នៅសរុបជាង១លាននាក់
ធំជាងគេលំដាប់ទី២បន្ទាប់ពីរាជធានីភ្នំពេញ ហើយក្រុងបាត់ដំបងក៏មានសក្តានុពលខ្លាំងផងដែរ
ដោយខេត្តនេះមានសំណង់ផ្ទះល្វែង និងបុរីចំនួន១១កន្លែង ច្រើនជាងគេធៀបនឹងបណ្តាខេត្តដទៃទៀត។
-->
លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង
និងជាប្រធានសម្ព័ន្ឋសមាគមសហរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបានអភិវឌ្ឍន៍ផ្សារទំនើបកំពស់៦ជាន់នៅទីក្រុងនេះបានថ្លែងថា
ដោយសារផ្សារធំៗនៅក្រុងបាត់ដំបងមានចំនួនច្រើន បានធ្វើឲ្យការលក់សម្លៀកបំពាក់ផ្សេងៗមិនសូវជោគជ័យនោះទេ
ប៉ុន្តែការលក់បន្លែនៅបរិវេណរបស់ផ្សារនេះ មានសកម្មភាព២៤ម៉ោង ដែលបន្លែភាគច្រើនត្រូវបានដឹកមកកាន់រាជធានីភ្នំពេញ
ហើយប្រជាកសិករដាំបន្លែពួកគេកំពុងសប្បាយចិត្តនឹងការដាំចុះ ដោយសារបន្លែមានតម្រូវការខ្ពស់។
ទាក់ទងនឹងអចលនទ្រព្យក្នុងខេត្តបាត់ដំបង
លោកឧកញ៉ាភួ ពុយបានថ្លែងថា “តំលៃដីនៅក្រុងបាត់ដំបង នៅតំបន់ដែលមានតម្រូវការខ្ពស់ដោយដីសំរាប់សាងសង់ផ្ទះល្វែងមានតំលៃចន្លោះ៨០០
ទៅ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឲ្យតំលៃដីមួយឡូត៍មានចន្លោះពី៣០០០០ដល់១០០
០០០ដុល្លារអាមេរិក។
លោកបន្តថា“តំលៃដីនៅក្នុងទីក្រុងបាត់ដំបងឆ្នាំនេះ ស្ថិតក្នុងសភាពទ្រឹងធៀបនឹងបណ្តាឆ្នាំមុនៗ
ប៉ុន្តែសកម្មភាពទិញដីឡូត៍សាងសង់ផ្ទះល្វែងបាន និងកំពុងកើនឡើង ហើយអ្នកទិញភាគច្រើនគឺទិញសាងសង់ផ្ទះ
មិនទិញទុកលក់យកចំណេញដូចបណ្តាឆ្នាំមុននោះទេ។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន
Khmer
Foundation Appraisal បានថ្លែងថា បាត់ដំបងជាខេត្តមានសក្តានុពលមួយ
ដែលប្រជាពលរដ្ឋមិនសូវធ្វើចំណាកស្រុកនោះទេ ដោយសារវាជាខេត្តផលិត ដែលប្រជាពលរដ្ឋអាចពឹងផ្អែកលើសក្តានុពលកសិកម្មនៅក្នុងខេត្តដោយខ្លួនឯងបាន
ហើយបាត់ដំបងជាក៏ជាខេត្តមានសក្តានុពលសេដ្ឋកិច្ច ដោយមានច្រកអន្តរជាតិ និងច្រកព្រំដែនទ្វេរភាគីជាច្រើនជាប់ជាមួយប្រទេសថៃ។
លោកបន្តថា “ខេត្តនេះមានការអភិវឌ្ឍច្រើន
ប៉ុន្តែការលក់លំនៅដ្ឋាននៅឆ្នាំនេះ ក៏ស្ថិតក្នុងភាពទ្រឹងដូចនៅរាជធានីភ្នំពេញដែរ
ប៉ុន្តែអនាគតរបស់ខេត្តនេះនៅតែមានការរីកចំរើនខ្ពស់ ប្រសិនជាគំរោងរៀបចំគំរោងមេទាក់ទងនឹងទេសចរណ៍
ត្រូវបានអនុម័តដោយរដ្ឋាភិបាល។
តំលៃដីធ្លីក្នុងក្រុងបាត់ដំបង
ពិសេសតំបន់ពាណិជ្ជកម្មមានតំលៃចន្លោះពី១៥០០ទៅ២៥០០ដុល្លារ និងដីនៅជាយៗក្រុងនិងផ្លូវតូចៗមានតំលៃចន្លោះពី៥០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
នេះបើតាមការឲ្យដឹងពីលោកឧកញ៉ានួន រិទ្ឋី។
លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា
ខេត្តបាត់ដំបងមានសក្តានុពលលើវិស័យទេសចរណ៍យ៉ាងខ្លាំង ដោយសារមារមណីយដ្ឋានវប្បធ៌ម
រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ទាក់ទាញរបស់ខេត្ត ដែលមានបន្សល់និងរក្សាបាននូវសំណង់សម័យអាណានិគម
សំណង់ផ្ទះបុរាណច្រើនដែលមានវ័យចំណាស់ច្រើនជាងគេផងដែរ។
លោកបន្តថា “ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរណ៍មកពីតំបន់អឺរ៉ុបច្រើន
ដោយសារពួកគេចូលចិត្តមកលំហែរកំសាន្តនិងសិក្សាស្វែងយល់ពីវប្បធ៌មរបស់ខេត្តនេះដែលធ្លាប់គ្របគ្រងដោយបារាំង និងជនជាតិសៀម។លោកបន្តថា“ដោយសារសក្តានុពល និងការយកចិត្តទុកដាក់ពីការអភិវឌ្ឍរបស់ខេត្ត បានធ្វើឲ្យទឹកដីដែលកវីសរសេរបទចម្រៀងមិនចេះអស់នេះកាន់តែមានសង្ឃឹម និងស្នាមញញឹម”៕