ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅតំបន់ Wimbledon ស្ថិតនៅជាយទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានបង្ហាញស្ថានភាពល្អប្រសើរ ខណៈតម្លៃផ្ទះនៅក្នុងតំបន់នេះនៅតែបន្តរក្សាបាននូវភាពធន់។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។
តំបន់នេះប្រមូលផ្តុំទៅដោយលំនៅដ្ឋានរបស់បណ្តាបុគ្គលល្បីៗ ដូចជា កំពូលកីឡាករវាយកូនបាល់ Tennis លោក Boris Becker និងចៅក្រមកម្មវិធីប្រកួតតន្ត្រី“X Factor”។ បច្ចុប្បន្ន តម្លៃផ្ទះក្នុងតំបន់ Wimbledon មានភាពធន់ជាងតម្លៃផ្ទះនៅតំបន់ភាគនិរតីនៃទីក្រុងឡុងដ៍។
នៅត្រីមាសទី២ តម្លៃផ្ទះនៅតំបន់ Wimbledon បានកើនឡើង០,៦ភាគរយបើធៀបនឹងត្រីមាសទី១ ខណៈតម្លៃផ្ទះនៅតំបន់ភាគនិរតីរបស់ទីក្រុងឡុងដ៍បានធ្លាក់ចុះ០,២ភាគរយ។ប្រសិនបើគិតលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះនៅតំបន់ Wimbledon បានសម្រេចនូវអត្រាកំណើនក្នុងរង្វង់៣,៤ភាគរយនៅត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។