ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ជាការពិតណាស់ដែលតម្រូវការហិរញ្ញប្បទាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដែលមានការអភិវឌ្ឍតិចតួចផ្សេងទៀត នៅមានទំហំធំធេង ហើយកម្ពុជាចាំបាច់ត្រូវកៀរគរធនធានក្នុងស្រុក ក៏ដូចជាអន្តរជាតិផងដែរដើម្បីបំពេញនូវតម្រូវការនេះ និងធ្វើឲ្យគម្លាតនៃការអភិវឌ្ឍមានភាពរួមតូច។
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការគាំទ្រប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការកៀរគរធនធានសំដៅសម្រេចរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី៦ ដល់ទី៧ ធ្នូខាងមុខនេះ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ សហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN-ESCAP)ដោយមានថ្នាក់ដឹកនាំ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន១២បានចូលរួម ។សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីយុទ្ធសាស្ត្រ ដែលអាចជួយឲ្យកម្ពុជានិងប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកពង្រឹងនិងពង្រីកការកៀរគរធនធានក្នុងស្រុកសំដៅសម្រេ-ចរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកលី ធុជ បានថ្លែងបន្ថែមថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់គឺក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមក ដែលកំណើននេះបានជួយឲ្យមនុស្សរាប់លាននាក់អាចចាកចេញពីភាពក្រីក្រ និងបានផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃដើម្បីប្រមូលផ្តុំហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យអង្គការសហប្រជាជាតិការពារអធិបតេយ្យភាព ឯករាជ្យភាពនៃប្រទេសនីមួយៗទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយឯកឧត្តមក៏បានបង្ហាញនូវភាពសោកស្តាយផងដែរដែលប្រទេសធំៗ និងមានអំណាចមួយចំនួនបានជ្រៀតជ្រែក និងរំលោភបំពានលើអធិបតេយ្យភាព ឯករាជ្យភាពរបស់ប្រទេសតូចៗ និងទន់ខ្សោយក្រោមរូបភាពផ្សេងៗ ដែលក្នុងនោះមានដូចជាការការពារសិទ្ធមនុស្សនិងសិទ្ធនយោបាយជាដើម។ ទាំងប្រទេសតូច និងប្រទេសធំគួរតែគោរពអធិបតេយ្យភាព ឯករាជ្យភាពគ្នាទៅវិញទៅមក ហើយប្រកាន់ភ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
លោកបន្តថា”ជាការពិតកម្ពុជាកំពុងដើរលើផ្លូវត្រូវ ហើយប្រជាពលរដ្ឋរបស់យើងពិតជាមានភព្វសំណាងណាស់ ដែលយើងបាននិងកំពុងរស់នៅលើមាតុភូមិមួយ ដែលពោរពេញដោយសន្តិភាព សុខដុមរមនានិងការអភិឌ្ឍរីកចម្រើនលើគ្រប់វិស័យ បើប្រៀបធៀបជាមួយប្រទេសមួយចំនួនទៀតលើពិភពលោក ដែលកំពុងឆ្លងកាត់ ភ្លើងសង្គ្រាម អសន្តិសុខ និងមានជីវភាពរស់នៅយ៉ាងលំបាកដោយភាពក្រីក្រយ៉ាងធ្ងន់ធ្ងរ”៕