តម្លៃដីធ្លីជាមធ្យមនៅកណ្តាលក្រុងភ្នំពេញរំពឹងបន្តកើនឡើងចន្លោះ៨ភាគរយក្នុងមួយឆ្នាំ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ទោះបីប្រឈមនឹងវិបត្តិកូវីដ១៩ក្ដី ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាត់ទុកថានៅមានលំនឹងខ្ពស់ បើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាង។ ថ្វើបើចំនួនការទិញលក់ថមថយខ្លះក្ដី ក្នុងឆ្នាំ ២០២២ តម្លៃដីធ្លីជាមធ្យមនៅកណ្តាលក្រុងភ្នំពេញតែរក្សាជំហររឹងមាំ និងរំពឹងបន្តកើនឡើងចន្លោះ៨ភាគរយក្នុងមួយឆ្នាំ។

លោក សន សៀប ប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានចែករំលែកទិន្នន័យការសិក្សាមួយស្តីពី កំណើនតម្លៃអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ដែលមានការកើនឡើងជាលំដាប់ ទោះបីប្រឈមនឹងវិបត្តិកូវីដ១៩អស់រយៈពេល២ឆ្នាំក៏ដោយ។ អ្នកជំនាញរូបនេះ លើកឡើងថា តម្លៃដីបានបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាយើង។

របាយការណ៍ខាងលើបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ តម្លៃដីធ្លីនៅក្នុងតំបន់កណ្តាលក្រុងភ្នំពេញរំពឹង មានការកើនឡើងចំនួន៨ភាគរយ ខណៈឆ្នាំ២០២១កន្លងមកមានការកើនឡើងចំនួន៥,៦ភាគរយ ក្រោយមានកំណើនយឺតត្រឹម០,៥ភាគរយ ក្នុងឆ្នាំ២០២០។

លោកបានមានប្រសាសន៍ថា “តម្លៃដីធ្លីកន្លងមកមានការឡើងចុះច្រើនខ្លាំង នៅពេលមានវិបត្តិ ឬការកើនឡើងម្តងៗ។ ដោយឡែក នៅពេលដែលកម្ពុជាមានវិបត្តិនៅក្នុងឆ្នាំ២០២០-២០២១នេះ ដីនៅក្នុងតំបន់កណ្តាលក្រុងភ្នំពេញមិនមានការធ្លាក់ចុះទេ”។

លោកបញ្ជាក់ថា “នៅក្នុងចន្លោះឆ្នាំ២០២០ ២០២១ គឺមានការកើនឡើងចំនួន៥,៦ភាគរយ ហើយនៅក្នុងឆ្នាំ២០២២ រំពឹងថា នឹងមានការកើនឡើងចំនួន៨ភាគរយ”។

លោកបន្ថែមថា នៅក្នុងកំឡុងវិបត្តិកូវីដ៩ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវក្រវាត់ក្រុងទី២ ទី៣ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ។ល។ ក្រៅពីនេះ មានគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ផ្លូវក្រវាត់ក្រុងទី៤ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ដែលកំពុងសាងសង់ និងសិក្សា។

លោកឧកញ៉ាបណ្ឌិត​ គីម ហ៊ាង ប្រធាន Keller Williams Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត នឹងមានតម្លៃទាបបំផុតក៏៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េដែរ។

លោកឧកញ៉ាបណ្ឌិតបានផ្តល់ជាយោបល់ថា សម្រាប់អ្នកមានលុយហើយចង់វិនិយោគនៅក្នុងក្រុងភ្នំពេញ និងតំបន់ជាយក្រុង អាចទិញដីធ្លីណាក៏ដោយឱ្យតែមានប្លង់ និងមិនមានបញ្ហា ទោះបីជាប់ផ្លូវ ឬមិនជាប់ផ្លូវក៏ដោយ ក៏នឹងទទួលផលចំណេញដែរ នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here