ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​ អាច​ក្លាយ​ជា​ហានិភ័យ​ដ៏​សំខាន់​មួយ ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​សកល​នៅ​ឆ្នាំ​២០២៧​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ជម្លោះនៅតំបន់មជ្ឈិមបូព៌ា អាចក្លាយជាហានិភ័យដ៏សំខាន់មួយ ដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យសកលនៅឆ្នាំ ២០២៧។ ផលប៉ះពាល់នៃជម្លោះនេះ នឹងរាលដាលហួសពីតំបន់ទៅទៀត ដោយជះឥទ្ធិពលលើតម្លៃថាមពល អត្រាអតិផរណា អត្រាការប្រាក់ ថ្លៃដើមសំណង់ លំហូរវិនិយោគអន្តរជាតិ វិស័យទេសចរណ៍ និងទំនុកចិត្តរបស់អ្នកវិនិយោគ។

លទ្ធផលដែលអាចកើតឡើងច្រើនជាងគេ គឺទីផ្សារអចលនទ្រព្យសកលនឹងកាន់តែមានភាពបែកខ្ញែក៖ ទីផ្សារមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ពីលំហូរចូលនៃដើមទុន និងតម្រូវការលើទ្រព្យសកម្មដែលមានសុវត្ថិភាព ខណៈទីផ្សារផ្សេងទៀតអាចជួបប្រទះនឹងការថយចុះនៃការវិនិយោគ ការចំណាយលើការផ្តល់ហិរញ្ញប្បទានកាន់តែខ្ពស់ និងការថយចុះសកម្មភាពទិញ-លក់អចលនទ្រព្យ។

កម្រិតនៃផលប៉ះពាល់នឹងអាស្រ័យយ៉ាងខ្លាំងទៅលើកត្តាចំនួនបី៖ រយៈពេល និងការពង្រីកវិសាលភាពភូមិសាស្ត្រនៃជម្លោះ ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកល និងសមត្ថភាពរបស់ធនាគារកណ្តាលនានាក្នុងការគ្រប់គ្រងអតិផរណា ដោយមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

ផលវិបាកផ្ទាល់មួយក្នុងចំណោមផលវិបាកសំខាន់ៗ គឺការកើនឡើងនៃថ្លៃដើមសម្រាប់ការសាងសង់ និងការអភិវឌ្ឍ។

អស្ថិរភាពដែលបន្តកើតមាននៅជុំវិញច្រកសមុទ្រហ័រមូស (Strait of Hormuz) និងតាមបណ្តាផ្លូវដឹកជញ្ជូនតាមសមុទ្រសំខាន់ៗ អាចបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងផលិតផលគីមីឥន្ធនៈ។ ស្ថានភាពនេះនឹងជះឥទ្ធិពលដល់តម្លៃសម្ភារៈសំណង់។

យោងតាមសន្ទស្សន៍ថ្លៃដើមសំណង់សកល (Global Construction Costs Index) របស់ក្រុមហ៊ុន JLL ប្រចាំខែតុលា ឆ្នាំ ២០២៦ ថ្លៃដើមសំណង់សកលត្រូវបានព្យាករថានឹងកើនឡើងពី ៣,១% ទៅ ៤,២% ក្នុងឆ្នាំ ២០២៧។

នេះមានន័យថា ទោះបីជាជម្លោះនេះអាចថមថយចុះយ៉ាងណាក្តី ក៏ផលប៉ះពាល់ពីការកើនឡើងនៃថ្លៃដើមផលិតកម្ម និងភាពមិនច្បាស់លាស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ អាចនឹងបន្តកើតមានរហូតដល់ឆ្នាំ ២០២៧៕


ចែករំលែក