រដ្ឋាភិបាលគ្រោងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយជាមួយប្រទេសវៀតណាមនាពេលខាងមុខ

0

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីជំនាញបានរៀបចំសិក្ខាសាលា លើការរៀបចំគម្រោងផែនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម។

សិក្ខាសាលានេះ ដឹកនាំដោយលោកឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភាកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោក Yoo Han-Jun ទីប្រឹក្សាជាន់ខ្ពស់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោងប្រមាណ៥០រូប។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីការរៀបចំគម្រោងផែនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (Establishment of Comprehensive Plan of Cross-Border Checkpoint Facility at International Border Trapeang Srae, Cambodia) ឋិតក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ របស់សាធា​រណរដ្ឋកូរ៉េ (ODA) ដែលត្រូវចំណាយពេលវេលា សម្រាប់សិក្សាលទ្ធភាពប្រមាណ២៤ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤។

គម្រោងនេះ ផ្តោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ សំណង់បរិក្ខារ បម្រើឱ្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ ដែលក្នុងនោះរួមមាន ការិ​យាល័យអន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រងច្រក អគារសម្រាប់ភ្ញៀវទេស​ចរណ៍ កន្លែងផលិតថាមពល អន្តេវាសិកដ្ឋាន និងទីធ្លាសម្រាប់កុងតឺន័រជាដើម។

លោកឈៀង ពេជ្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ ដែលបានប្តេជ្ញាចិត្តគាំទ្រក្នុងការអនុវត្តគម្រោងនេះ ដើម្បីរួមចំណែកលើ ការអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ភាគីកម្ពុជា និងកូរ៉េ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាមជាពិសេសច្រកទ្វារអន្តរជាតិត្រពាំងស្រែ ធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងតម្លៃនៃការដឹកជញ្ជូន ជំរុញការធ្វើទំនើបកម្មផ្នែកភ័ស្តុភាកម្ម ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here