ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំដល់ភាគីប្រទេសវៀតណាម ក្នុងការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន និងសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំដល់ភាគីប្រទេសវៀតណាម ក្នុងការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន និងសិក្សាលទ្ធភាពលើការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយថាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីសមិទ្ធផលថ្មីៗទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្រសួងទើបសម្រេចបាន ក៏ដូចជាវឌ្ឍនភាពគម្រោងការងារដែលក្រសួងកំពុងអនុវត្ត និងគ្រោងអនុវត្តនាពេលអនាគត។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីគម្រោងសិក្សាលទ្ធភាពពង្រីក ផ្លូវនៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ដែលសព្វថ្ងៃកំពុងជួបប្រទះនូវបញ្ហាការកកស្ទះចរាចរណ៍។

លោក ស៊ុន ចាន់ថុល ក៏បានស្នើឱ្យការជំរុញការសិក្សា និងការអភិវឌ្ឍការតភ្ជាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿន និងការសាងសង់ផ្លូវដែកត្រង់តភ្ជាប់ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ការតភ្ជាប់វិស័យ គមនាគមន៍ក្នុងតំបន់សេដ្ឋកិច្ច និងទេសចរណ៍ និងជាពិសេស ជើងហោះហើរត្រង់ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាឡុង ដើម្បីជំរុញកំណើនទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យមានការអនុវត្តនីតិវិធីត្រួតពិនិត្យច្រកចេញតែមួយ (Single Window Single Inspection) ដើម្បីកាត់បន្ថយការចំណាយពេលវេលាយូរនៅច្រកទ្វារ អន្តរជាតិបាវិត-ម៉ុកបៃ ដែលបណ្តាលឱ្យមានការកកស្ទះផងដែរ។
លើសពីនេះ លោកក៏ស្នើឱ្យពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់(MoU) ចំពោះកូតារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនពី ៥០០គ្រឿងទៅ៨០០គ្រឿង និងការជំរុញឱ្យមានការចុះហត្ថលេខាកំឡុងពេលកិច្ចប្រជុំអាស៊ាន នាដើមខែវិច្ឆិកាខាងមុខ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចដែលលោកឯកអគ្គរដ្ឋទូតលើកឡើងខាងលើ គឺសុទ្ធតែជាចំណុចគន្លឹះល្អៗ ក្នុងការរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ជាពិសេសលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅចូលរួមចំណែកក្នុង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ៕
