ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញលក់អចលនទ្រព្យមួយរូប កញ្ញាងួន ច័ន្ទចរិយាបាន និងក្រុមការងារបានសម្រេចបើកក្រុមហ៊ុន អចលនទ្រព្យElegant Propertyជាមួយនឹងក្តីរំពឹងខ្ពស់ក្នុងទីផ្សារ ដែលការប្រកួតប្រជែងមានការកើនឡើង។
ស្ថាបនិកនិងជាអគ្គនាយិកាក្រុមហ៊ុនElegant Property កញ្ញាងួន ច័ន្ទចរិយាបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកសម្ភោធក្រុមហ៊ុនកាលពីរាត្រីថ្ងៃទី១២ តុលាកន្លងមកថា ដោយសារមើលឃើញសក្តានុពលក្នុងទីផ្សារនេះ ស្របពេលដែលបទពិសោធន៍ប្រឡូក ក្នុងវិស័យនេះរយៈពេលវែង និងកសាងបាននូវបណ្តាញទំនាក់ទំនងរ៉ឹងមាំ កញ្ញាសម្រេចចិត្តបង្កើតក្រុមហ៊ុននេះឡើង ដោយឈរលើគោលការណ៍សុច្ចរឹតភាព ជំនាញ ក្រមសីលធ៌មវិជ្ជាជីវៈ និងភាពស្មោះត្រង់ជូនអតិថិជន។
-->

កញ្ញាបានបន្តថា “ជាក្រុមហ៊ុនថ្មីយើងបាន និងកំពុងផ្តោតលើការទិញ លក់ ជួលអចលនទ្រព្យ និងសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនដៃគូ ដទៃទៀត ដើម្បីលើកកំពស់និងរួមចំណែក ធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត”។
កញ្ញាងួន ច័ន្ទចរិយាបានក្លាយជាទូតសុឆន្ទៈរបស់គេហទំព័រPropertyarea.asiaផងដែរ។
កញ្ញាបានបន្តថា ទោះបីជាមានវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាមក្តី ប៉ុន្តែកញ្ញាសង្កេតឃើញថា អ្នកវិនិយោគជាតិ អន្តរជាតិនៅតែបន្តវិនិយោគក្នុងវិស័យនេះ ពិសេសទីផ្សារបុរី និងខុនដូ នៅតែមានតម្រូវការខ្ពស់ពីអតិថិជន ដែលភាគច្រើនជាជនជាតិខ្មែរ។

កញ្ញាងួន ច័ន្ទចរិយានៅតែររំពឹង និងមានសុទិដ្ឋិនិយមខ្ពស់លើវិស័យនេះ នឹងមានភាពរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារការរីកចម្រើនសេដ្ឋកិច្ច ការកើនឡើងនូវប្រាក់ចំណូល របស់ប្រជាជនវ័យក្មេងច្រើន ពិសេសកម្ពុជាមានប្រជាជនវ័យក្មេងច្រើន ដែលពួកគេជាសក្តានុពលរបស់ប្រទេស៕
