ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ និងជាអ្នកជំនាញលំដាប់អន្តរជាតិបានថ្លែងថា អ្នកមានធនធាននៅកម្ពុជា គួរបន្តវិនិយោគលើបវិស័យអចលនទ្រព្យ ដោយសារកម្ពុជាជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត ក្នុងពិភពលោក។
លោកBen LI ប្រធានកិត្តិយសសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគំរោងUrban Villageបានមានប្រសាសន៍ក្នុងសិក្ខាសាលាមួយកាលពីចុងសប្តាហ៍មុនថា នៅពេលអនាគត តំបន់អាស៊ាន នឹងក្លាយជាតំបន់ដែលមានការរីកចម្រើនលឿន ពោលគឺមិនមែនអាមេរិក និងអឺរ៉ុបនោះទេ ហើយក្នុងចំណោមប្រទេសចំនួន១០ ក្នុងតំបន់អាស៊ាន គឺកម្ពុជាជាប្រទេសមួយមានការរីកចម្រើនលឿនបំផុត និងជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារច្រើនជាងគេ។
-->

លោកបន្តថា “កម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច ងើបឡើងលឿនជាងគេក្នុងតំបន់អាស៊ាន ហេតុនេះបើអ្នកមានលុយ ខ្ញុំលើកទឹកចិត្តឲ្យអ្នកវិនិយោគលើវិស័យអចលនទ្រព្យ”។ លោកបន្តថា “ការទិញអចលនទ្រព្យនៅកម្ពុជាទទួលបាន ផលចំណេញពីការវិនិយោគ ក្នុងចន្លោះពី៨ ទៅ១២ភាគរយជាមធ្យមប្រចាំឆ្នាំ”។
តើគួរវិនិយោគនៅទីណា នៅទីក្រុងភ្នំពេញ? តើអ្នកគួរវិនិយោគភាគខាងលិច ខាងកើត និងជើងឬខាងត្បូងរាជធានីភ្នំពេញ? លោកBen Liបានមានប្រសាសន៍ថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ថិតនៅស្របនឹងមហាវិថីសម្តេចតេជោ គឺជាមហាវិថីដែលតភ្ជាប់ជាមួយផ្លូវសំខាន់ៗជាច្រើន រួមមាន មហាវិថីមុនីវង្ស មហាវិថីនរោត្តម និងមហាវិថី២៧១ និងជាគំរោង តភ្ជាប់ទៅកាន់ព្រលានយន្តហោះលំដាប់អន្តរជាតិភ្នំពេញថ្មី។
លោកបន្តថា “នៅពេលផ្សារទំនើបAEON MALL3បើកដំណើរការនៅពេលឆាប់ៗខាងមុខ តំបន់ផ្លួវ៦០ម៉ែត្រ នឹងធ្វើឲ្យតំបន់ភាគខាងត្បូងក្លាយជាតំបន់ដ៏រីកចម្រើនមួយនាពេលអនាគត”៕
