ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ បានចំនួន២០៥៥លានដុល្លារអាមេរិក កើនឡើង១៣២លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើជាង១០៦ភាគរយនៃផែនការកំណត់ដោយច្បាប់។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានថ្លែងឲ្យដឹង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិការ ឆ្នាំ២០១៨ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសំរាប់តែខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ អគ្គនាយកដ្ឋានពន្ឋដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online ត្រូវប្រមាណ១៨៧លានដុល្លារអាមេរិកស្មើនឹង៩,៧៥ភាគរយនៃផែនការច្បាប់ បើប្រៀបធៀបទៅនឹងចំណូលខែវិច្ឆិកាឆ្នាំមុនការប្រមូលតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online ដូចគ្នាបានឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងខែវិច្ឆិកាឆ្នាំ២០១៨ កើនឡើងប្រមាណជាង៤៣លានដុល្លារអាមេរិក ស្មើនឹង៣០,៤៧ភាគរយ។
លោកបន្តថា សម្រាប់ឆ្នាំ២០១៨ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការជាអតិបរិមានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយកែទម្រង់ស៊ីរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា ការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត សម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាលឆ្នាំ២០១៤-២០១៨ ការសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ដើម្បីរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយសារពើពន្ធនានា សម្រាប់អនុវត្តនាពេលខាងមុខនេះ ការបន្តរៀបចំកែសម្រួលតម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ការរៀបចំកែសម្រួលយន្តការនៃការបង្វិលសងអាករលើតម្លៃបន្ថែម សម្រាប់ស្ថានទូត សហគ្រាសអាជីវកម្ម និងការគិតគូរដល់ការស្នើសុំបង្វិលសងរបស់ភ្ញៀវទេសចរបន្តកែទម្រង់ធនធានមនុស្ស។

លោក គង់ វិបុល បានបន្តថា“អគ្គនាយកដ្ឋានពន្ឋដានឹងបន្តអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារនិងការជម្រុញសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ត្រូវពង្រឹងបន្ថែមលើការតាមដានការដាក់លិខិតប្រកាសរបស់អ្នកជាប់ពន្ធ”៕